មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញតារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា ដែលគ្រប់គ្នាបានស្គាល់ថា ជាតារាស្រីមួយរូប មានទេពកោសល្យ សមត្ថភាពខាងសម្តែងខ្សែភាពយន្តនោះ បានប្រកាសផ្តាច់ចំណងស្នេហ៍ ១៥ ឆ្នាំ ត្រឹមពេលនេះ រវាងអ្នកនាង និងស្វាមីលោក សា ពូន មីដាដា។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលអ្នកនាង សឿ សុធារ៉ា បានប្រកាសតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ពីការបែកបាក់គ្នាជាមួយស្វាមីជាច្រើនលើកច្រើនសារមកហើយ តែគ្រាន់តែអ្នកនាងមិនសូវសង្កត់ធ្ងន់នោះទេ ប៉ុន្តែ សម្រាប់លើកនេះ គឺអាចសន្មត់ថាជាការចែកផ្លូវគ្នាមែនទែនហើយ។
នេះបើតាមគណនីហ្វេសប៊ុកអ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានបង្ហោះសារបញ្ជាក់ច្បាស់ៗជាភាសាអង់គ្លេសបែបនេះថា «Goodbye for 15years a go, and I’ll never come back to u -ដែលមានន័យជាភាសាខ្មែរ លាហើយចំណងស្នេហ៍ ១៥ ឆ្នាំ ហើយខ្ញុំក៏នឹងមិនវិលត្រឡប់ទៅរកអ្នកវិញទៀតឡើយ»។ រីឯឃ្លាចុងក្រោយ សឿ សុធារ៉ា បានសរសេរបញ្ជាក់ទៅកាន់ស្វាមីលោក មីដាដា ជាខ្មែរថា «សូមបងមេត្តារក្សាសំដីជាកូនប្រុសដើមទ្រូងប្រាំហាត់ “ថាប្រគល់កូនៗអូន” ទាំងពីរមកអោយអូនមើលថែរក្សា»។
សូមបញ្ជាក់ថា អ្នកនាង សឿ សុធារ៉ា បានចាប់ដៃសាងជីវិតគ្រួសារជាមួយតារាចម្រៀងប្រុស លោក សាពូន មីដាដា ដែលគិតមកទល់ពេលនេះ មានរយៈពេល ១៥ ឆ្នាំមកហើយ ហើយចំណងដៃនៃជីវិតអាពាហ៍ពិពាហ៍ច្រើនឆ្នាំមកនេះរបស់អ្នកទាំងពី ទទួលតំណក់ឈាមកូនប្រុសស្រី២នាក់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













