Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស សុខា : សិស្ស និស្សិតរបស់កម្ពុជាកាន់តែច្រើនឡើងមានសមត្ថភាពប្រកួតប្រជែងក្នុងកម្មវិធីនានាលើឆាកអន្តរជាតិ

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បច្ចុប្បន្នសិស្ស និស្សិតរបស់កម្ពុជាកាន់តែច្រើនឡើង មានសមត្ថភាពប្រកួតប្រជែងក្នុងកម្មវិធីនានាលើឆាកអន្តរជាតិ ហើយទទួលបានលទ្ធផលល្អ គួរអោយកោតសរសើរ និងសារទរក្រៃលែង។ ហើយរហូតមកដល់ពេលនេះ វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាព ២សំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ធ្វើការកែលម្អ បង្កើនសមត្ថភាព ដើម្បីអាចឈានទៅប្រកួតប្រជែងជាមួយបណ្តាប្រទេសនានានៅលើពិភពលោក។

ការបញ្ជាក់របស់ឯកឧត្តម ស សុខា បានធ្វើឡើងនៅក្នុងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៦៨៣នាក់ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ។

ឯកឧត្តម ស សុខា បានបញ្ជាក់ទៀតថា លោកគ្រូ អ្នកគ្រូ ក្រៅពីបង្ហាត់បង្រៀន ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការធ្វើចរាចរ ក៏ដូចជាការចែកចាយគ្រឿងញៀននៅតាមសហគមន៍ បន្ថែមលើការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ។ ជាពិសេសនៅក្នុងបរិការណ៍ នៃជំងឺកូវីដ-១៩ នេះ លោកគ្រូ អ្នកគ្រូ មានភារកិច្ចកាន់តែច្រើនជាងមុន ព្រោះថាក្រៅពីការបង្ហាត់បង្រៀន លោកគ្រូ អ្នកគ្រូ ថែមទាំងត្រូវចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមសហគមន៍ និងសាលារៀនបន្ថែមទៀត ។

ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះលោកគ្រូ អ្នកគ្រូទូទាំងប្រទេស ដែលបានតស៊ូ លះបង់ ពុះពាររាល់ឧបសគ្គបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងអប់រំទូន្មាន តម្រង់ទិសសិស្សានុសិស្ស ឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់ ។សូមគោរពជូនពរ និងជូនពរលោកគ្រូ អ្នកគ្រូទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ចៀសផុតពីជំងឺកូវីដ-១៩ ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×