ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។
បន្ទាប់ពីជំនួបចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅក្នុងជំនួបនេះ លោកជំទាវ ល្វីស បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចនិងរាជរដ្ឋាភិបាល ដែលបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់ប្រតិភូអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងបានសរសើរអំពីសេដ្ឋកិច្ចរីកចម្រើនរបស់កម្ពុជា ដែលជាការការទាក់ទាញនិងជាគំរូនៃការអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម សម្រាប់ប្រទេសនិយាយភាសាបារាំងផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានសំដែងនូវការអបអរសាទរចំពោះជោគជ័យ នៃជំនួបរវាងអ្នកវិនិយោគ មកពីបណ្ដាប្រទេសនិយាយភាសាបារាំងនិងអ្នកវិនិយោគកម្ពុជា។ សម្ដេចបានមានប្រសាសន៍ថា សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងនិងតំបន់។
ប្រទេសយើងនិងតំបន់មានសក្តានុពលគ្រាន់តែ យើងមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ យើងគប្បីរួមគ្នាបង្កឱកាសដើម្បីចាប់យកសកម្មភាព សក្តានុពលទាំងឡាយណា ដែលយើងមាននេះ ដើម្បីមិនត្រឹមតែពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងតំបន់យើងទាំងពីរទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយល្អរវាងប្រទេសយើងទាំងពីរផងនិងតំបន់ផង ព្រោះថាទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគនឹងនាំទៅដល់ភាពជិតស្និទ្ធផ្នែកនយោបាយ។ឆ្លៀតនៅក្នុងឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូនលោកជំទាវ ល្វីស ថា ក្នុងនាមជាប្រធានអាស៊ានអ្វីដែលសម្ដេចចង់បានគឺជំរុញការអនុវត្តអាស្តានិងអាស៊ឹមឲ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគនិងរបៀងដំណើរ ទេសចរណ៍ក្នុងតំបន់អាស៊ានឱ្យមានដំណើរការប្រក្រតីភាពឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



