Monday, March 27, 2023

កម្ពុជា លក់ស្លាកលេខរថយន្តពិសេស បានចំណូលជាង ៧០លានដុល្លារ គិតត្រឹមឆ្នាំ២០២២

spot_img

ភ្នំពេញ៖ របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតចាប់តាំងពី ខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២ លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) ក្រសួង លក់បានចំនួន ២០១,៩៨០ លេខ ទទួលបានចំណូលសរុប ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល ស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក។

ឯកឩត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធមជ្ឈ​មណ្ឌល​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (សាខាពោធិ៍សែនជ័យ-អូរដឹម) និងប្រព័ន្ធត្រួតពិនិត្យយានយន្តស្វ័យប្រវត្តិជំនាន់ទី២  នៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រាក់ចំណូលពីការលក់ស្លាកលេខពិសេសក្នុងឆ្នាំ២០២១មានចំនួន ១៦.៨ លានដុល្លារ កើនឡើងប្រហែល ៩% ធៀបនឹងឆ្នាំ២០២០។

ការលក់ស្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួននេះ បានចាប់ផ្តើមនៅឆ្នាំ២០១៦ ការចុះបញ្ជីផ្លាកលេខពិសេសមានតម្លៃខ្ពស់ជាងប្រភេទធម្មតា ហើយម្ចាស់រថយន្តអាចរក្សាស្លាកលេខនេះបាន នៅពេលដែលលក់រថយន្តរបស់ខ្លួនទៅឱ្យអ្នកផ្សេង។

សូមជម្រាបថា គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានដាក់របាយការណ៍ស្តីពីវឌ្ឍនភាពនៃការប្រមូលចំណូលពីការលក់លេខចុះបញ្ជីរថយន្តប្រចាំឆ្នាំ២០២១ ដែលរួមមាន៖ លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គោរពជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងបានទទួលគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ក្នុងការជំរុញការអនុវត្តការងារនេះឱ្យកាន់តែល្អប្រសើរឡើង និង ដំណើរការកាន់តែរលូនសម្រាប់ឆ្នាំបន្តបន្ទាប់ សំដៅជំរុញការផ្តល់ជម្រើសសំបូរបែប និងតម្លាភាពជូនប្រជាពលរដ្ឋ ក៏ដូចជាជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធ និងបង្កើនចំណូលថវិកាជាតិ៕

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២