ភ្នំពេញ ៖ បន្ទាប់ពីជួបរឿងរ៉ាវអន់ចិត្តជាមួយនឹងលោក យ៉ែម សំអូន រហូតឈប់ទទួលការងារក្នុងវង់តន្ត្រីនោះ សូដា នីតា បានប្រកាសពីការសម្រេចចិត្តរឿងថ្មីមួយទៀត គឺការលែងលះស្វាមី ក្រោយរួមរស់ជាមួយគ្នាអស់រយ:ពេលប៉ុន្មានឆ្នាំមកនេះ បានធ្វើឱ្យមហាជនសម្តែងការភ្ញាក់ផ្អើល ក្នុងពេលដែលសុខៗ ស្រាប់តែ សូដា នីតា បានប្រកាសបញ្ឈប់រឿង២ព្រមគ្នាទាំងតក់ក្រហល់ គឺ ទី១- ឈប់ទទួលការងារក្នុងវង់តន្ត្រីរបស់ លោក យ៉ែម សំអូន, និងទី២- នាងបានសម្រេចចិត្តលែងលះស្វាមី។

សូមបញ្ជាក់ថា កាលពីម្សិលមិញ សូដា នីតា បានបង្ហោះសារថា អរគុណបងស្រី. Chanlakhena Chorn ដែលតេមកពន្យល់ប្អូន ណែនាំប្អូន គ្រប់រឿង ទុកឲ្យពេលវេលាជាអ្នកកំណត់ចុះបង ព្រោះកន្លងមកក៏ជាពេលវេលានាំឲ្យមនុស្សស្គាល់គ្នា និងស្រឡាញ់រាប់អានគ្នា ធ្វើការជាមួយគ្នា តែបើពេលវេលាដើរទៅមុខ ចិត្តមនុស្សដើរថយក្រោយក៏មិនអាចចាប់មកវិញបានដែរ។
សូដា នីតា បញ្ជាក់ថា ១ថ្ងៃនេះ 29/03/22 ខ្ញុំសម្រេចបាន២ករណី ÷ ទី១ សម្រេចចិត្តទទួលខ្លួនជាស្រ្តីម៉េម៉ាយ (លែងលះស្វាមី) , ទី២ សម្រេចចិត្ត ឈប់ធ្វើការឲ្យគ្រុប តារាអ៊ិនធើថេនមែន។ យ៉ាងណា សម្រាប់ការងារផ្សេងៗផ្នែកសិល្បៈនាងខ្ញុំនៅទទួលដដែលទេបងប្អូន ព្រោះការងារសិល្បៈខ្ញុំស្រឡាញ់ពេញ។
គួរបញ្ជាក់ថា សូដា នីតា បានសម្រេចភ្ជាប់ពាក្យរស់នៅក្រោមដំបូលផ្ទះតែមួយ ជាមួយនឹងតារាសម្តែងវ័យក្មេង គឺ លោក យុទ្ធ ឋាន: ខណ:រហូតមកទល់ពេលនេះ អ្នកទាំងពីរបានទទួលចំណងដៃកូន១រួចហើយ។

គេនៅមិនទាន់ដឹងមូលហេតុពិតនៃការប្រកាសលែងលះគ្នាពី សូដា នីតា និងស្វាមី នាពេលនេះឡើយ ក្នុងពេលដែលអ្នកទាំងពីរ ហាក់មិនបានបង្ហាញសញ្ញាណាមួយ នៃជម្លោះក្នុងគ្រួសារឱ្យគេឃើញ អំពីមូលហេតុដែលនាំឱ្យមានការបែកបាក់នាគ្នានេះឡើយ។ យ៉ាងណា ពាក្យចាស់ថា ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ រឿងបញ្ហាក្នុងគ្រួសារគេ គឺអ្នកដ៏ទៃមិនអាចដឹងច្បាស់ឡើយ ពោលគឺ មានតែសាមីខ្លួន២នាក់នេះប៉ុណ្ណោះ ដែលដឹងច្បាស់។
ទោះជាបែបណា ទស្សនិកជន ជាពិសេសមិត្តភក្តិក្នុងចង្កោមសិល្ប:ដូចគ្នា បានស្នើឱ្យ សូដា នីតា ធ្វើការសម្រេចចិត្តឱ្យបានច្បាស់លាស់ នៅក្នុងរឿងនេះ និងបានលើកទឹកចិត្តឱ្យនាងមានភាពរឹងមាំផង៕ រក្សាសិទ្ធិដោយ ៖ សំណាង sv



