កែប៖ គិតមកដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរ ប្រមាណ ៦០% បានកក់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូ នៅខេត្តកែប សម្រាប់ដំណើរកម្សាន្តក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ បឹងកាឡូ អាហារដ្ឋាន និងរម្មណីយដ្ឋាននានានៅខេត្តកែប បានឱ្យដឹងថា មកទល់ពេលនេះ បន្ទប់ស្នាក់នៅរបស់ពួកគេ ត្រូវបានភ្ញៀវទេសចរកក់អស់ជាង ៦០%ហើយ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ហើយចំពោះតម្លៃវិញ សម្រាប់បន្ទប់គេង បានដំឡើងថ្លៃចំនួន ៥ដុល្លារក្នុងមួយបន្ទប់ ដោយឡែកសម្រាប់ម្ហូបអាហារវិញ មិនមានដំឡើងថ្លៃនោះទេ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ឲ្យដឹងថា អាជ្ញាធរខេត្ត បានត្រៀមនូវយន្តការនានាដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសម្រាប់ភ្ញៀវដែលមកកម្សាន្តនៅខេត្តកែប។ ជាពិសេស មន្ទីរជំនាញ បានចុះទៅណែនាំដល់ប្រតិបត្តិករទេសចរណ៍នានា ឱ្យដាក់បង្ហាញតារាងតម្លៃដល់ភ្ញៀវ ឲ្យបានច្បាស់លាស់ចៀសវាងការកើតបញ្ហាផ្សេងៗ ហើយក្រៅពីនោះ ក៏មានការចុះទៅណែនាំ អំពីការអនុវត្តនូវវិធានការ បង្ការជំងឺកូវីដ១៩ ក៏ត្រូវបន្តធ្វើជារឿយៗផងដែរ៕