រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងឱ្យដឹងបន្ទាប់ពីកិច្ចប្រជុំមួយនៅភាគខាងកើតប្រទេសចិនជាមួយសមភាគីរុស្ស៊ីរបស់គាត់ គឺលោក Sergei Lavrov ចំពេលមានវិបត្តិអ៊ុយក្រែន ថា ទីក្រុងម៉ូស្កូ និង ទីក្រុងបេកាំង បានកំណត់កាន់តែច្បាស់ អំពីការជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ។
ដោយឡែក បើយោងតាមក្រសួងការបរទេសរុស្ស៊ីវិញថា ភាគីទាំងពីរក៏បានថ្កោលទោសនូវអ្វីដែលពួកគេហៅថាខុសច្បាប់ និងប្រឆាំងទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើទីក្រុងម៉ូស្គូ ជុំវិញសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។
លោក វ៉ាង និងឡារូស (Lavrov) បានថ្លែងនៅទីក្រុងអានហឺ Anhui ភាគខាងកើតប្រទេសចិន
ជាកន្លែងដែលចិនបាននឹងកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពហុភាគីរយៈពេលពីរថ្ងៃស្តីពីអាហ្វហ្គានីស្ថាន។
លោក Wang បាននិយាយថា “ភាគីទាំងពីរមានការប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ហើយកាន់តែមានទំនុកចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ”។ លោកបាននិយាយថា “ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ីដើម្បីនាំយកទំនាក់ទំនងចិន-រុស្ស៊ីទៅកាន់កម្រិតខ្ពស់នៅក្នុងយុគសម័យថ្មីមួយក្រោមការណែនាំនៃការយល់ស្របដែលឈានដល់ដោយប្រមុខរដ្ឋ” ។
កិច្ចប្រជុំនេះកើតឡើងក្នុងរយៈពេលជាងមួយខែបន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយអ៊ុយក្រែននៅក្នុងអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការពិសេស” ដែលបង្កឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចដែលមិនធ្លាប់មានពីមុនមក។ រុស្ស៊ីកំពុងសម្លឹងមើលប្រទេសចិនសម្រាប់ការគាំទ្រ និងភាពជាដៃគូ ខណៈដែលប្រទេសនេះកាន់តែឯកោពីប្រព័ន្ធហិរញ្ញវត្ថុសកល និងសង្វាក់ផ្គត់ផ្គង់។
ចិនបានបដិសេធមិនថ្កោលទោសសកម្មភាពរុស្ស៊ីនៅអ៊ុយក្រែន ឬហៅវាថាជាការឈ្លានពាន។ ប៉ុន្តែខ្លួនបានរំលឹកឡើងវិញនូវការគាំទ្រកាលពីថ្ងៃពុធសម្រាប់កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា លោក Lavrov បានជូនដំណឹងដល់លោក Wang អំពីវឌ្ឍនភាពនៃប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន និងស្ថានភាពនៃការចរចាររបស់ទីក្រុងមូស្គូជាមួយទីក្រុង Kyiv៕ ប្រភព៖ រ៉យទ័រ