ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានដាក់បញ្ជាឲ្យគ្រប់កម្លាំងទាំងអស់ រួមទាំងអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចចុះពិនិត្យមើលទីតាំងផ្ញើ កង់ ម៉ូតូនិងរថយន្តឲ្យបានម៉ត់ចត់ បើទីតាំងផ្ញើណាមួយមិនមានច្បាប់អញ្ញាតទេ ត្រូវបញ្ឈប់អាជីវកម្មជាបន្ទាន់ ដើម្បីកុំឲ្យហេតុការណ៍អាក្រក់កើតឡើងផ្តើមចេញពីការធ្វេសប្រហែសរបស់យើង។
លោកឃួង ស្រេងបានដាក់បទបញ្ជាបែបនេះកាលពីព្រឹកថ្ងៃទី២ វិច្ឆិកា២០១៧ ខណៈលោកចុះពិនិត្យមើលកងកម្លាំងប៉ូលីសរាជធានីដែលដាក់គោលដៅក្នុងកិច្ចការពារសន្និសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំនេះ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមប៉ូលីសយុត្តិធម៌ត្រូវប្រកាន់ភ្ជាប់វិន័យ សេចក្តីថ្លៃថ្នូរ ដោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក មានប្រជាជនចូលរួមច្រើនមកពីខេត្តនានា មកកំសាន្តនៅរាជធានីភ្នំពេញរបស់យើង។ លោកបន្តថា សម្រាប់កម្លាំងប៉ូលីសរាជធានីភ្នំពេញ ប្រមាណ៦០០០នាក់ ក្នុងម្នាក់ៗ សម្រាប់១ថ្ងៃ២ម៉ឺនរៀល សរុប៣ថ្ងៃ៦ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្តសម្រាប់បងប្អូនយើងដែលមិនបានឈប់សម្រាក។ ដូច្នេះសុំកងកម្លាំងយើងទាំងអស់ការពារឲ្យបានជោគជ័យ ក្នងព្រះពិធីនេះ។
ក្រៅពីនេះលោកឃួង ស្រេង បានមានប្រសាសន៍ថា “កម្លាំងទាំងអស់ ចុះពិនិត្យមើល ទីតាំងផ្ញើ កង់ ម៉ូតូនិងរថយន្តឲ្យបានម៉ត់ចត់ បើទីតាំងផ្ញើណាមួយមិនមានច្បាប់អញ្ញាតត្រឹមត្រូវទេ ត្រូវបញ្ឈប់អាជីវកម្មពួកគាត់ជាបន្ទាន់ ។ ឧទាហរណ៍ បើម្ចាស់ទីតាំងផ្ញើ កង់ ម៉ូតូនិងរថយន្តទាំងនោះ ដឹកម៉ូតូគេ១ឡាន២ ឡានទៅបាត់តើនរណាទទួលខុសត្រូវ? អ្នកដែលទទួលខុសត្រូវគឺយើងហ្នឹងហើយ។ ដូច្នេះទេត្រូវប្រុងប្រយ័ត្នចំពោះកិច្ចការងារនេះ ហើយចំពោះតម្លៃនៃការផ្ញើក៏ត្រូវពិនិត្យមើលអោយបានច្បាស់លាស់ដែរ ដើម្បីកុំអោយពួកគេធ្វើអាជីវកម្មស្រេចតែអំពើចិត្តទទួលការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ខណៈដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងពីជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនោះ”។
ជាងនេះទៅទៀតក្នុងឱកាសនោះលោកឃួង ស្រេងក៏បានដាក់បញ្ជាអោយកងកម្លាំងនៅតាមគោលដៅនីមួយៗ ត្រូវរាយការណ៍ជាប្រចាំ ពីតំបន់ណាដែលមានមនុស្សច្រើន តំបន់ណាមានមនុស្សតិច ដើម្បីងាយស្រួលគ្រប់គ្រងនិងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ជៀសវាងកុំអោយហេតុការណ៍អាក្រក់កើតឡើងម្តងទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ខែវិច្ឆិកា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានថា អភិបាលខណ្ឌទាំង១២ ត្រូវពិនិត្យមើលឡើងវិញ ចំពោះបញ្ហាភាស៊ីផ្ញើម៉ូតូក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៧ ថាតើពួកគាត់ផ្ញើរបៀបនេះជារៀងរាល់ថ្ងៃឬយ៉ាងណា ? បើតាមធម្មតារាល់ថ្ងៃផ្ញើម៉ូតូ១គ្រឿង៥០០រៀល ឬ១០០០រៀល ប៉ុន្តែក្នុងសៀវភៅបន្ទុកតម្លៃផ្ញើម៉ូតូ១គ្រឿងចំនួន៣០០រៀល។ ករណីថ្លៃផ្ញើម៉ូតូយកលុយលើសសៀវភៅបន្ទុក អាជ្ញាធរខណ្ឌ ត្រូវមានវិធានការឲ្យបានតឹងរ៉ឹងបំផុត និងដាក់បទបញ្ជាទៅគណៈបញ្ជាការឯកភាព កងកម្លាំងប្រដាប់អាវុធ ឲ្យត្រួតពិនិត្យបញ្ហានេះ ដើម្បីធ្វើយ៉ាងឲ្យប្រជាពលរដ្ឋទទួលយកបាន។ សម្តេចតេជោ បានបញ្ជាក់ថា សូម្បីតែអ្នកលក់ដូរតាមកញ្ចែងកញ្ជើ នៅតាមផ្សារក៏មិនឲ្យយកភាស៊ី និងអនាម័យនោះទេ អីចឹងតើហេតុផលអ្វីដែលពួកគាត់យកលុយអ្នកផ្ញើម៉ូតូដល់៤០០០ ទៅ៥០០០រៀល ។ លោកបញ្ជាក់ថា បញ្ហានេះត្រូវតែសម្អាត ហើយអ្នកដែលរឹងទទឹងនឹងបទបញ្ជានេះ ត្រូវតែឃាត់ខ្លួនយកមកធ្វើការអប់រំ ទៅតាមច្បាប់។
លោកបញ្ជាក់ថា “ខ្ញុំនឹងប្រកាសបន្ថែមទៀត ទៅដល់គណៈបញ្ជាការឯកភាពខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់បញ្ហានេះ ប៉ុន្តែខិតខំប្រឹងប្រែងតម្រង់ទិស ឲ្យបានត្រឹមត្រូវដើម្បីបម្រើឲ្យប្រជាពលរដ្ឋរបស់យើង ក្នុងការចូលរួមកម្សាន្តសប្បាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក “៕ ដោយ៖កូឡាប