ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះមន្ទីរពេទ្យមួយដែលមានឈ្មោះថា «ម្លិះដង្កោ» បន្ទាប់ពីពិធីករដ៏ល្បីឈ្មោះលោក ហេរ៉ូ បាន Live វីដេអូ សម្តែងការហួសចិត្តចំពោះមន្ទីរពេទ្យខាងលើ ដែលបង្គាប់បញ្ជាឲ្យសន្តិសុខ មិនត្រូវអនុញ្ញាតឲ្យសាច់ញាតិអ្នកជំងឺ ចូលបន្ទប់ទឹកឡើយ ដោយឲ្យទៅជុះនោមនៅតាមគុម្ពោតព្រៃខាងក្រៅ តាមរបងផ្ទះគេ ដែលពិតជាមិនសមរម្យទាល់តែសោះ។
ក្រោយ Live អំពីរឿងមន្ទីរពេទ្យ «ម្លិះដង្កោ» ឲ្យសាច់ញាតិអ្នកជំងឺជុះនោមតាមព្រៃ ដែលធ្វើឲ្យក្តៅគគុកនៅលើបណ្តាញសង្គមរួចមក លោក ហេរ៉ូ ក៏បាន Live វីដេអូជាថ្មី ទម្លាយឲ្យដឹងថា ទាក់ទងរឿងមន្ទីរពេទ្យនេះ មិនឲ្យសាច់ញាតិអ្នកជំងឺចូលបន្ទប់ទឹក គឺដោយសារតែមន្ទីរពេទ្យ តម្រូវឲ្យធ្វើតេស្តរុកច្រមុះ សម្រាប់សេវាកម្ម 15$ ដ៏ហួសចិត្ត។ លើសពីនេះ អ្វីដែលធ្វើឲ្យលោកកាន់តែហួសចិត្តខ្លាំងបំផុតទៀតនោះ គឺថ្លៃសេវាព្យាបាលកាប់ស៊ីគ្មានមេត្តា ព្រោះថា គ្រាន់តែបងប្អូនរបស់គាត់២នាក់ សម្រាកដេររបួសគ្រោះថ្នាក់ចរាចរណ៍តែប៉ុន្មានម៉ោងអស់ជាង ១ពាន់ដុល្លារ ដែលដូចគេថាមិនខុសមែន គឺចូលត្រឹមតែ១ម៉ោង ឬ ២ម៉ោង គឺដឹងតែអស់ ៥០០ ដុល្លារ ហើយ។
ជាក់ស្តែងនៅក្នុងវិកយប័ត្រថ្លៃព្យាបាលបូករួមសេវាដឹកជនរងគ្រោះក្នុងមួយនាក់ ដែលលោកហេរ៉ូ បានបង្ហាញឲ្យឃើញ គឺអស់រហូតដល់ចំនួន ៦៦២ ដុល្លារ ខណៈជនរងគ្រោះម្នាក់ទៀតអស់ ៤២៧ ដុល្លារ។
លើសពីនេះ លោក ហេរ៉ូ ក៏បានទម្លាយឲ្យបងប្អូនក្នុងបណ្តាញសង្គមដឹងទៀតទាំងហួសចិត្តថា មន្ទីរពេទ្យ «ម្លិះដង្កោ» នេះ បើតាមព័ត៌មានគេផ្តល់ឲ្យ គឺសូម្បីតែឆ្លៀតឱកាសជនរងគ្រោះបានស្លាប់ទៅហើយ ក៏កាប់ស៊ីដេរ ដោយលោកថា «ឡានពេទ្យដឹកចូលមកហ្នឹង គេប្រើសេវាលិចកើតចុះឡើងៗ Charge Service ៦-៧ ដុល្លារ ទៅលើខ្មោចដែលបានស្លាប់ទៅហើយ»។
ក្រោយពីបានឃើញតម្លៃវិកយប័ត្រដ៏ជ្រុលហួសហេតុបែបនេះ មហាជននៅក្នុងបណ្តាញសង្គមយ៉ាងច្រើន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង និងគាំទ្រលោក ហេរ៉ូ ដែលបានបញ្ចេញព័ត៌មាននេះ និងក៏បានស្នើឲ្យក្រសួងសុខាភិបាលចុះពិនិត្យដុះក្អែលមន្ទីរពេទ្យមួយនេះផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




