នាង Hoang Thi Thiem មានសញ្ជាតិវៀតណាម ហើយជាកូនអ្នកក្រីក្រម្នាក់ ប៉ុន្តែតាមរយៈទេពកោសល្យទេវតាប្រទាន មិនថាប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមប៉ុណ្ណោះទេ នាងថែមទាំងត្រូវបានបណ្តាអង្គការអន្តរជាតិស្ថានីយ៍ទូរទស្សន៍ល្បីល្បាញរបស់ជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ បានអញ្ជើញនាងទៅកាន់ប្រទេសគេ ដើម្បីផ្សាយផ្ទាល់អំពីសមត្ថភាពពិសេសរបស់ “មនុស្សភ្នែក ៣” ។
នាង Hoang Thi Thiem មានសមត្ថភាពអានអក្សរទោះបីត្រូវគេបិទភ្នែកទាំងសងខាងជិតក៏ដោយ រហូតទល់ពេលនេះ ករណីរបស់នាង Hoang Thi Thiem បានក្លាយជាបាតុភូតមួយ “មិនចង់ជឿក៏ត្រូវជឿ” ទោះបីវិទ្យាសាស្ត្រទំនើបបច្ចុប្បន្ននៅពុំទាន់អាចបកស្រាយបាន ។ នាងបានត្រូវស្ថានីយ៍ទូរទស្សន៍ NHK Nippon TV អញ្ជើញទៅកាន់ជប៉ុន ដើម្បីពិនិត្យពិសោធន៍អំពីសមត្ថភាពពិសេសរបស់មនុស្ស ហើយពួកគេសរុបថា ៖ “មានមនុស្សមួយចំនួនលើភពផែនដីនេះ មានសមត្ថភាពតភ្ជាប់ សន្ទនាជាមួយនឹងព្រលឹងទាំងឡាយ ក្នុងចំណោមនុស្សនោះម្នាក់គឺនាង Hoang Thi Thiem ។
នាង Hoang Thi Thiem ក្នុងការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ NHK របស់ជប៉ុន
នៅឆ្នាំ ២០០៦ ការសិក្សាវិទ្យាសាស្ត្រមួយបានធ្វើឡើងដោយមានស្ថាប័នព័ត៌មានចំនួន ២០ សង្កេតការណ៍ និងផ្សព្វផ្សាយ ។ ទោះបីគេបិទភ្នែករបស់នាងជិត ប៉ុន្តែនាងនៅអាចដើរចុះឡើងក្នុងបន្ទប់ពិសោធន៍ដោយពុំមានទើសអ្វីឡើយ ។ នាងអាចទូរស័ព្ទទៅកាន់លេខដែលអ្នកកាសែតសរសេរហុចឲ្យ ហើយជាបន្តបន្ទាប់ក្រោយមកនាងបន្តធ្វើដំណើរទៅកាន់អាល្លឺម៉ង់ បារាំង កូរ៉េខាងត្បូង ដើម្បីពិសោធន៍រឿងមួយគត់គឺ ៖ កែវភ្នែកទី ៣ ។
អ្នកកាសែតកំពុងចោមរោមសាកល្បងនាងនៅឆ្នាំ ២០០៦។
២ឆ្នាំក្រោយមកស្ថានីយ៍ទូរទស្សន៍ NHK បានហោះហើរមកកាន់វៀតណាម ដើម្បីពិនិត្យជាក់ស្តែង រួចអញ្ជើញនាងទៅកាន់ជប៉ុន ដើម្បីពិសោធន៍ក៏ដូចជាបង្ហាញពីសមត្ថភាពដ៏អស្ចារ្យនេះ ចំពោះមុខទស្សនិកជនរាប់លាននាក់ ។
ថ្មីៗនេះ ក្រុមហ៊ុនបោះពុម្ពផ្សាយ First News បានបោះពុម្ពសៀវភៅដែលនិពន្ធឡើងរួមជាមួយនាង Hoang Thi Thiem មានចំណងជើងថា សន្ទនាជាមួយពិភពអរូបិ ដោយគេត្រូវប្រើពេលវេលាសម្រាប់អនុវត្តដល់ទៅ ៥ឆ្នាំ ។ វាជាសំណុំនៃរឿងរ៉ាវអាថ៌កំបាំងទាំងឡាយ នៃភ្នែកទី ៣ ៖ សមត្ថភាពចម្លែក ការតភ្ជាប់ជាមួយនឹងដួងព្រលឹងទាំងឡាយ ។
តំណាងសម្ព័ន្ធក្រុមហ៊ុនបោះពុម្ពផ្សាយ Dahhsin របស់តៃវ៉ាន់ និង Sanshin របស់ជប៉ុន បានចុះហត្ថលេខាទិញកម្មសិទ្ធិបញ្ញារបស់សៀវភៅនេះ ។
ក្របខាងក្រៅនៃសៀវភៅ “សន្ទាជាមួយពិភពអរូបិ” ។