វីដេអូមួយរបស់គ្រូមហាជ័យ ដែលបានផុសកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ គឺទទួលបាន Range លំដាប់កំពូលតែម្តង ក្នុងចំណោមវីដេអូផ្សេងៗជាច្រើនទៀត។
ពិតណាស់ វីដេអូមួយនេះទទួលបានការចូលទស្សនារហូត 1.3M ក្នុងរយៈពេល ៦ សប្តាហ៍។ ហើយអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺដោយសារតែគ្រូមហាជ័យ ទៅចែកលុយដល់ទាហាន និងសាច់ញាតិទាហានបួនដប់នាក់ ក្នុងម្នាក់ៗទទួលបានលុយចំនួន ៣ម៉ឺនរៀល រួចឲ្យពួកគាត់ទទួលយកពរជ័យ ដែលធ្វើឲ្យពួកគាត់ឱនក្បាលគោរពដូចព្រះអុីចឹង។
ក្រោយពីបានឃើញទិដ្ឋភាពនេះហើយ អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការហួសចិត្ត និងខ្លោចចិត្តជាខ្លាំងតែម្តង។ មតិមហាជនបានផ្ទុះឡើង ដោយព្រលះទាំងអ្នកឱនក្បាលគោរព និងទាំងគ្រូចុកៗ ដែលធ្វើឲ្យគ្រូមហាជ័យ គ្មានពាក្យអ្វីឆ្លើយតប គឺក្រៅពីពាក្យចាក់បណ្តោយថា «វិមានមហាជ័យប្រទានពរដល់កូន» និងសើច ប៉ុណ្ណោះ។
ក្នុងនោះ អ្នកលេងបណ្តាញសង្គម បានដាក់ឲ្យធ្ងន់ៗទៅកាន់អ្នកឱនក្បាលគោរពបែបៗនេះថា «ឆ្នាំ២០២២ហើយ នៅមានមនុស្សឆ្កួតជឿរឿងអុីចឹងទៀត មានសុទ្ធតែបុគ្គលកងកម្លាំងលើកដៃសំពះ និយាយមិនចេញទេ!, បើឪពុកម្ដាយគោរព ស្រលាញ់ ស្មើនិងលោកគ្រូមហាជ័យបែបនេះ មិនដឹងជាល្អប៉ុណ្ណាទេ,…»។ រីឯអ្នកខ្លះទៀត ក៏បានលើកឡើងឲ្យចេះប្រើបញ្ញាសតិគិតឡើងវិញថា៖ «បើបាញ់ទឹកអប់ហើយនិយាយអុីចឹងពូកែមែន វាខ្លាំងជាងជំនាន់ព្រះទៅទៀត ខ្មែរនៅតែមានមនុស្សមួយចំនួនតូចបោកប្រាស់បាន យើងត្រូវដឹងព្រះពុទ្ធលោកមានពុទ្ធដីការយើងធ្វើល្អបានល្អ គ្មានព្រះមកជួយ ហើយក៏គ្មានគ្រូបរាជ័យណាមកជួយយើងដែរ ហើយបើគ្រាន់បាញ់ទឹកអប់ប៉ុន្នឹងពូកែ គ្មានអ្នកក្រ គ្មានផ្លូវខូច ហើយកន្លែងណាខូចហៅគ្រូបរាជ័យទៅស្រោចទឹក រឺបាញ់ទឹកអប់ផ្លូវនោះនឹងស្អាតឡើងវិញ អាហ្នឹងបានពូកែមែន,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







