ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីរំលោភសេពសន្ថវៈរហូតបានសម្រេច ក្នុងខណៈដែលជនរងគ្រោះ បានពឹងឲ្យជនសង្ស័យដែលជាមនុស្សស្គាល់គ្នា ជូនទៅផ្ទះ ហើយឃើញឱកាសល្អ ស្ងាត់ និងគ្មានមនុស្សនៅផ្ទះ ជនសង្ស័យក៏បានចាប់បង្ខំរំលោភនាងតែម្តង ។ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅតុលាការផងដែរ។
ករណីនេះកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តស្ទឹងត្រែង នៅថ្ងៃទី៨ ឧសភា ២០១៨ បានធ្វើការឃាត់ខ្លួនជនសង្ស័យ យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ។ នគរបាល បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ គុយ កី ហៅ កី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិ.ឃុំពពេញ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ តាមពាក្យបណ្តឹងរបស់នារីរងគ្រោះមាន អាយុ២៥ឆ្នាំ។
នារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី៦ ឧសភា ២០១៨ នៅវេលាម៉ោងប្រមាណ៨យប់ នាងបានពឹងពាក់ឲ្យជនសង្ស័យដែលជាមនុស្សស្គាល់គ្នា ឌុបម៉ូតូជូនទៅផ្ទះ។ ពេលជិះម៉ូតូទៅដល់ផ្ទះ ស្រាប់តែដួលម៉ូតូ ហើយជនរងក៏បានរងរបួសបន្តិចបន្តួច ឃើញដូច្នោះជនសង្ស័យ បានរកថ្នាំលាបឲ្យនាង ឆ្លៀតពេលនោះដែរជនសង្ស័យ បានសួរនាងថា ប៉ាម៉ាក់នៅអត់ នាងបានឆ្លើយតបភ្លាមថា ប្រហែលជាគាត់មិននៅទេ បានជាក្នុងផ្ទះស្ងាត់ឈឹងដូច្នេះ។ ក្នុងឱកាសនោះដែរ ជនសង្ស័យក៏បែកគំនិតគិតដល់រឿងនោះភ្លាម ហើយបានស្ទុះទៅឱបនាង និងបានគំរាមមិនឲ្យនាងរើបម្រះ រួចចាប់រំលោភនាងទាំងកម្រោល រហូតបានសម្រេចតែម្តង ហើយក៏វិលត្រឡប់ទៅផ្ទះវិញ។ លុះព្រឹកឡើង ជនរងគ្រោះ បានទៅដាក់ពាក្យប្តឹងសមត្ថកិច្ចមូលដ្ឋានដោយចោទប្រកាន់ជនសង្ស័យពីបទ រំលោភសេពសន្ថវៈ ។ យោងតាមពាក្យបណ្តឹងនោះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ