Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបថ្មី

សៀមរាប ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅ ក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ ២០២២ ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដោយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ (AIAI) ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Yunnan Investment Holdings របស់​ចិន​ក្នុង​ចំនួន​ទឹកប្រាក់ ៨៨០​លាន​ដុល្លារ និង​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ៧៥០ ​ហិកតា។

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ស្ថិត​នៅក្នុង​លំដាប់ 4E ដោយមាន​ផ្លូវ​រត់​ប្រវែង ៣,៦០០ ​ម៉ែត្រ ទទឹង ៤៥​ ម៉ែត្រ មាន៣៨ ចំណត​យន្តហោះ និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយ​អ្នកដំណើរ​ជាង ៨ ​ម៉ឺន​ម៉ែត្រការ៉េ​ដែល​អាច​ទទួល​អ្នកដំណើរ​ប្រចាំឆ្នាំ​បាន​ប្រមាណ ៧ ​លាន​នាក់ និង​ស្ថិតក្រោម​កិច្ចព្រមព្រៀង​គម្រោង​វិនិយោគ BOT ៥៥ ​ឆ្នាំ​។

តាមរយៈអាកាសយានដ្ឋាន​ថ្មី​នេះ​គឺជា​គម្រោង​កម្រិត​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ចិន និង​កម្ពុជា ដែល​នឹង​នាំមក​នូវ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ជំនួស​អាកាសយានដ្ឋាន​ចាស់​ដែល​មិនអាច​ទទួល​យន្តហោះ​ធំៗ និង​មកពី​តំបន់​ឆ្ងាយៗ​ ។ មួយវិញទៀត វា​នឹង​ធ្វើឱ្យ​តំបន់​នៅ​ជុំវិញ​អាកាសយានដ្ឋាន​នេះ មាន​ការរីកចម្រើន​ផងដែរ​ ។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ថា មកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តំបន់ប្រតិបត្តិការអាកាសសម្រេចបានជិត២៤% នៃបរិមាណការងារសរុប ដែលមានដូចជា៖ សំណង់ផ្លូវរត់ ផ្លូវបរចំណតអាកាសយាន-ឧទ្ធម្ភាគចក្រ សំណង់ប្រព័ន្ធលូបញ្ជៀសទឹក សំណង់ប្រព័ន្ធភ្លើងបំភ្លឺផ្លូវរត់ផ្លូវបរ ចំណតអាកាសយាន-ឧទ្ធម្ភាគចក្រ និងប្រព័ន្ធភ្លើងនាំផ្លូវយន្តហោះសំណង់ប្រព័ន្ធឧបករណ៍នាំផ្លូវ និងប្រព័ន្ធចុះចតយន្តហោះសំណង់ផ្លូវ និងច្រករបៀងពាក់ព័ន្ធផ្សេងៗ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតំបន់ប្រតិបត្តិការទូទៅ និងស្ថានីយសម្រេចបានជិត២០%។

តាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលអ្នកដំណើរបាន ៧លាននាក់ក្នុងមួយឆ្នាំ និងទំនិញតាមផ្លូវអាកាស ១០,០០០តោនក្នុងឆ្នាំ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត/លំដាប់ថ្នាក់ 4E ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា។ នាពេលខាងមុខ ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះថ្មីនេះ ក៏នឹងមានការកសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា ទីក្រុងអាកាសយានដ្ឋាន ដែលមានដីបម្រុងប្រមាណ ១,០០០ហិកតា និងការអភិវឌ្ឍផ្លូវល្បឿនលឿន ដែលតភ្ជាប់ត្រង់ពីទីរួមខេត្តសៀមរាប ទៅកាន់អាកាសយានដ្ឋាន ដែលបានចុះហត្ថលេខានៅខែតុលា ឆ្នាំ២០២១ផងដែរ។

សូមបញ្ជាក់ថា ដើម្បីជំរុញដល់ការតភ្ជាប់ផ្លូវអាកាស សម្តេចតេជោ ហ៊ុន សែន បានជំរុញការកសាងអាកាសយានដ្ឋានជាច្រើនកន្លែងទៀត បន្ថែមពីលើអាកាសយានដ្ឋានដែលកំពុងមាននាពេលបច្ចុប្បន្ន ក្នុងរាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ។

ក្រៅតែពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរហើយនោះ កម្ពុជា ក៏កំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងបញ្ចប់នៅឆ្នាំ២០២៣, អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខេត្តកោះកុង ដែលបានដាក់ឱ្យដំណើរការសាកល្បង។

ក្រៅតែពីព្រលានទាំងនេះ រាជរដ្ឋាភិបាល ក៏មានផែនការសាងសង់អាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរី, នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, នៅខេត្តកោះកុង និងបាត់ដំបង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×