ភ្នំពេញ ៖ បុរសម្នាក់និងរួមដំណើរជាមួយមនុស្ស៣នាក់ទៀត បានបើករថយន្តម៉ាកអូឌីស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យបា.ក់មួយកង់ ចំណែកឯរថយន្តក្រឡាប់ផ្ងារជើង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែរទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ និងរួមដំណើរជាមួយមនុស្ស៣នាក់ទៀត បានបើករថយន្តម៉ាកអូឌីស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ 2AN-7138 បើកបរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃក៏ជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង ខ្ទាតទៅផ្លូវម្ខាងទៀត ចំណែកឯរថយន្តបង្កវិញ បានដា.ច់កង់មុខខាងឆ្វេង ហោះទៅមុខក្រឡាប់ផ្ងារជើង កៀបជាប់តៃកុងនិងមនុស្ស៣នាក់ទៀត នៅក្នុងរថយន្ត ហើយភ្លាមនោះដែរ បានពលរដ្ឋជិតខាង យកដំថ្មជួយវាយបំបែកកញ្ចក់ខាងមុខ យកមនុស្សចេញមកក្រៅដោយសុវត្ថិភាព។ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននាក់រងរបួសនោះទេ រងការខូចខាតតែរថយន្តផ្ទាល់ខ្លួន និងទ្រូងផ្លូវជាទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





