បាត់ដំបង ៖ អង្គភាពការពារកុមារបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែមេសា វេលាម៉ោង៩ និង២០នាទីព្រឹក ម្តាយរបស់កុមាររងគ្រោះអាយុ១ខែ បានរាយការណ៍ថាកុមារនេះត្រូវបានបាត់ខ្លួនពីផ្ទះ។ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយអ្នកជិតខាងបានចាប់ផ្តើមធ្វើការស្វែងរកខ្លួនកុមាររងគ្រោះ។
នៅវេលាម៉ោង១២ និង៣០នាទីរសៀល ក្នុងថ្ងៃដដែល សាកសពរបស់ក្មេងស្រីនេះត្រូវបានរកឃើញនៅក្នុងប្រឡាយទឹកចម្ងាយប្រហែល ១០០ម៉ែត្រ ពីផ្ទះ។ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅពិនិត្យកន្លែងកើតហេតុ។ អង្គភាពការពារកុមារ (CPU) និងក្រសួងមហាផ្ទៃ បានទទួលដំណឹងភ្លៀមៗ ហើយក៏បានទំនាក់ទំនងប្រឹក្សា ជាមួយមន្ត្រីស៊ើបអង្កេត ដែលមានវត្តមាននៅកន្លែងកើតហេតុ។

នៅវេលាម៉ោង៣ និង៣០នាទីរសៀល ក្នុងថ្ងៃដដែល ជាលទ្ធផលនៃការស៊ើបអង្កេត, ចម្លើយសាកស្សី និងភស្តុតាងនៅកន្លែងកើតហេតុ នារីម្នាក់ដែលត្រូវបានកំណត់ថា ជាម្តាយបង្កើតរបស់កុមាររងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
នារីនេះត្រូវបានកម្លាំងជំនាញសួរចម្លើយ ហើយក៏បានសារភាពពីអំពើស.ម្លាប់កូនរបស់ខ្លួនដោយបានបោះចោលទៅក្នុងទឹកប្រឡាយ។ នារិនេះនឹងត្រូវអាជ្ញាធរបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីទទួលការផ្តន្ទាទោសពីបទឃាតកម្មដោយចេតនា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



