សៀមរាប ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជាផ្លូវបម្រើលើពហុវិស័យនៃខេត្តប្រកបដោយសក្ដានុពលមួយនេះដោយចំណាយកញ្ចប់ថវិកាជាតិប្រមាណជា ១៥០លានដុល្លារអាមេរិក ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរហើយ, នាព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីសម្ដេច បានចុះពិនិត្យមើលវឌ្ឍនភាពផ្លូវទាំងនេះ នារសៀលថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២។

ក្នុងពិធីសម្ពោធ ក៏ដូចជាការចុះពិនិត្យមើលវឌ្ឍនភាព មានក្រុមមន្ត្រីជាន់ខ្ពស់អមដំណើរ ដូចជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីរាជការមួយចំនួនទៀត បានធ្វើដំណើរតាមតម្រាយផ្លូវ ក្រោមដំណក់ភ្លៀងស្រិចៗ។
សូមបញ្ជាក់ថា ការសាងសង់ផ្លូវ ៣៨ខ្សែ និងការកែលម្អស្ទឹងសៀមរាប គ្រប់គ្រងដោយក្រសួងចំនួន ៣ គឺក្រសួងការពារជាតិ , ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន , មានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាអនុប្រធាន និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍។
គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន ៨ រួមមាន ៖ កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម, កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋានសាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន ៩ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល និងសម្រេចការងារឱ្យបានទាន់ពេលវេលា។

បន្ទាប់ពីពិនិត្យមើលវឌ្ឍនភាពផ្លូវទាំង ៣៨ខ្សែខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះពិនិត្យមើលការរៀបចំស្តារ និងកែលំអរស្ទឹង និងច្រាំងស្ទឹងសៀមរាប ដែលកំពុងជិតរួចរាល់ដំណាលគ្នានេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះពិនិត្យមើលនៅតំបន់សួនរ៉ោករ៉ាក។ សួនរ៉ោករ៉ាក ជាតំបន់អនាធិបតេយ្យមួយកាលពីមុន ដែលមានប្រជាពលរដ្ឋមកតាំងទីលំនៅរស់នៅរហូតដល់ទៅប្រមាណ ៥០០គ្រួសារ, តែបច្ចុប្បន្ន ត្រូវបានកែលម្អ រៀបចំជាសួន រៀបចំជាកន្លែងជិះកង់ និងអង្គុយលំហែ ជាដើម។
ដោយឡែកប្រជាពលរដ្ឋ ៥០០គ្រួសារ ត្រូវបានរៀបចំឱ្យទៅតាំងទីលំនៅ នៅតំបន់អភិវឌ្ឍតេជោរុនតាឯក។ សម្តេចតេជោ បានចាត់ទុកនេះជាដំណោះស្រាយឈ្នះឈ្នះមួយរាស្ត្រ និងរដ្ឋ។
សូមបញ្ជាក់ថា ការៀបចំស្តារ និងកែលម្អស្ទឹង និងច្រាំងស្ទឹងសៀមរាបនេះ ត្រូវបានដឹកនាំអនុវត្តការងារដោយ ឧបនាយករដ្ឋមន្ត្រី ជា សុផារា , និងត្រូវបានធ្វើឡើងដោយគោរពតាមបទដ្ឋាន និងការកំណត់ទាំងឡាយរបស់អង្គកាយូណេស្កូ និងគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា ICC-Angkor ផងដែរ។
វត្តមានរបស់ សម្តេចតេជោ ហ៊ុនសែន និងក្រុមមន្ត្រីជាន់ខ្ពស់ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវក្នុងក្រុងសៀមរាប ដោយពួកគេបានចេញមករាដៃជាសញ្ញាស្វាគមន៍ ជាមួយទឹកមុខញញឹមញញែម ជាសញ្ញាបង្ហាញនូវក្តីរីករាយ និងត្រេកអរចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន ប្រមុខដឹកនាំជាតិ ដែលតែងតែគិតគូរពីជោគវាសនាជាតិ និងប្រជាជនតម្កល់ខ្ពស់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










