ភ្នំពេញ ៖ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី៣ ខែមេសា នេះថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កន្លងមកនេះ បានចេញសាលក្រមសម្រេចលើកលែងការចោទប្រកាន់លើរូបលោក ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកបានបញ្ជាក់ថា «នៅក្នុងសាលក្រមរបស់តុលាការដែលបានលើកលែងការចោទប្រកាន់លើ
រូបខ្ញុំនេះ គឺសំអាងទៅលើអង្គហេតុពីរ គឺទី១. ផុតអាជ្ញាយុកាល (អាជ្ញាយុកាលសំរាប់បទមជ្ឈឹម មានរយៈពេលបីឆ្នាំ រីឯអាជ្ញាយុកាលសំរាប់បទឧក្រិដ្ឋ មានរយៈពេលដប់ឆ្នាំ អាជ្ញាយុកាល ត្រូវចប់ នៅពេលណាសកម្មភាពនីតិវិធីទាំងអស់ បានសម្រេច)។ ទី២. គ្មានពិរុទ្ធភាពគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកមកលើខ្ញុំបានទេ។ ដូច្នេះហើយបានជាសាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមលើកលែងការចោទប្រកាន់ខ្ញុំ»។

លោកញឹក ប៊ុនឆៃ បានបន្តថា ករណីនេះ បានបញ្ជាក់ច្បាស់នៅពេលដែលលោកបានសុំខាងតុលាការសួរឆ្លើយឆ្លងតទល់មុខគ្នាផ្ទាល់ជាមួយឈ្មោះ ជា ជុង ។ នៅក្នុងការសួរតទល់គ្នានោះ គឺមានចំណុចតែមួយទេ ដែលឈ្មោះ ជា ជុង ធ្លាប់បានលើកកន្លងមកនោះ គឺថាធ្លាប់បានឲ្យលុយកាក់មកលោក ៤ម៉ឺនដុល្លារ។ តែដល់ថ្ងៃជួបសួរតទល់មុខគ្នាទៅ គឺគាត់បង្វែរទៅជារឿងផ្សេង មិនមែនថាឲ្យលុយលោក ៤ម៉ឺនដុល្លារទេ ទៅជាថាឲ្យលុយលោក ៤ពាន់ដុល្លារទិញអាវទិញមួកគណបក្សដោយសារគាត់ឈរជាបេក្ខភាពលេខ ១ ចៅសង្កាត់ជ្រោយចង្វារ ហើយវាមិនមែនដូចអ្វីដែលគាត់ឆ្លើយពីមុខថាធ្លាប់ឲ្យលុយលោកនោះ វាមិនមែនចឹងទេ។ សរុបសេចក្តីមកការស៊ើបអង្កេតរបស់តុលាការឃើញថា មិនមានអ្វីដែលជាការពាក់ព័ន្ធដែលអាចដាក់បន្ទុកមកលើបានទេ តាំងពីថ្ងៃសួរតទល់មុខគ្នាជាមួយឈ្មោះ ជា ជុង។ ដូច្នេះហើយបានជាសាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមលើកលែងការចោទប្រកាន់មកលើរូបលោក។
លោកបានបន្តទៀតថា តុលាការបានធ្វើការស៊ើបអង្កេតមកយូរហើយ រហូតដល់ចុងក្រោយនេះ គ្មានពិរុទ្ធភាពគ្រប់គ្រាន់ និងមិនមានភស្តុតាងអីសម្រាប់ដាក់បន្ទុកលោកទេ ។ បើពិនិត្យខាងផ្លូវច្បាប់ គឺវាហួសអាជ្ញាយុកាលដែលត្រូវដាក់បន្ទុកមកលើលោកហើយ។ ហើយមិនមានភស្តុតាងអីដែលថា លោកទៅផ្សំគំនិត ឬក៏បានទៅចូលរួមនៅក្នុងរឿងនេះទេ។
ចំណែកលោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថាៈ «លោក ញឹក ប៊ុនឆៃ ត្រូវបានចៅក្រមស៊ើបសួរសម្រេចលើកលែងការចោទប្រកាន់ហើយ ដោយមានការបញ្ជាក់ថា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើគាត់ទេ»។

សូមជម្រាបថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានតុលាការ បានសម្រេចលើកលែង ការចោទប្រកាន់ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧។ ដីកាសម្រេចលើកលែង ការចោទប្រកាន់លោក ញឹក ប៊ុនឆៃ ចេញដោយលោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
យោងតាមដីកាសម្រេច លើកលែងការចោទប្រកាន់ បានឲ្យដឹងថាៈ តាមការពិនិត្យឯកសារ នានា ក្នុងសំណុំរឿង ឃើញថា អង្គហេតុ ដែលបានចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុ សម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ តាមមាត្រា២៩ នៃក្រម ព្រហ្មទណ្ឌ មាត្រា៣៨.១ថ្មី ចំណុចទី៤ និងមាត្រា ៣២.១ថ្មី ចំណុចទី៤.ង នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥ នោះ គឺសំអាងទៅលើចម្លើយរបស់ឈ្មោះ ជា ជុង ដែលបានឆ្លើយថា គាត់គ្រាន់តែជាអ្នកនាំ ឈ្មោះ គួង (គ័ង) ទៅជួបឈ្មោះ ញឹក ប៊ុនឆៃ តែប៉ុណ្ណោះ ហើយក៍ពុំមានភស្តុតាង ដាក់បន្ទុកជាសាក្សី ឬឯកសារណាមួយ ដែលបានបញ្ជាក់ ពីការចូលរួមរបស់ឈ្មោះ ញឹក ប៊ុនឆៃ ដែរ ។
តាមច្បាប់ព្រហ្មទណ្ឌអន្តរកាល មាត្រា៣០ ចែងថា អាជ្ញាយុកាលសំរាប់បទមជ្ឈឹម មានរយៈពេលបីឆ្នាំ រីឯ អាជ្ញាយុកាលសំរាប់បទឧក្រិដ្ឋ មានរយៈពេលដប់ឆ្នាំ អាជ្ញាយុកាល ត្រូវចប់ នៅពេលណាសកម្មភាពនីតិវិធីទាំងអស់ បានសម្រេច ។
តាមដីកាសន្និដ្ឋានស្ថាពរលេខ៩៩៩ អ.យ.ខ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ របស់អយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចលើកលែង ចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ភេទប្រុស ជនជាតិខ្មែរ។
ដីកាសម្រេចលើកលែង ការចោទប្រកាន់ បានបញ្ជាក់ថា គ្មានពិរុទ្ធភាពគ្រប់គ្រាន់ សម្រាប់ ដាក់បន្ទុកលើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូល សារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុច ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា៣៨,១ថ្មី ចំណុចទី៤ និងមាត្រា៣២.១ថ្មី ចំណុចទី៤.ង នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥ គប្បីសម្រេចលើកលែង ចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ តាមបញ្ញត្តិមាត្រា ២៤៧ថ្មី ច្បាប់ស្តីពីវិសោធនកម្មមាត្រា២៤៧ , មាត្រា៣៦៨, មាត្រា៣៧២ និងមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ហេតុដូច្នេះ សម្រេចលើកលែង ចោទប្រកាន់ លើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុ សម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់”// ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

