ភ្នំពេញ ៖ នារី២នាក់បានបើករថយន្តMazdaមួយគ្រឿង ក្នុងល្បឿនលឿនវ៉ាជែងក៏រេចង្កូត ទៅបុករថយន្តស្ទូចរួចបោកផ្ទប់ទៅលើរថយន្តក្រឡុកស៊ីម៉ងត៍ បើកបរស្របគ្នាបណ្តាលឲ្យរងការខូចខាតរថយន្តបង្កធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង កាលពីវេលាម៉ោង ១២និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៤ខែមេសាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ១០០៣ ចំណុចទល់មុខនឹងផ្សារទំនើបអ៊ីអន២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តស្ទូចធុនធំមួយគ្រឿងពាក់ផ្លាកលេខ តាកែវ 3A-2870 បើកបរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញនារី២នាក់បានទៀត បានបើករថយន្តMazda ពណ៌សស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2AY-2955 បើកបរតាមបណ្តោយផ្លូវ១០០៣ ទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿន បានវ៉ាជែងនឹងរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងមិនចាំផ្លាកលេខ បើកស្របគ្នារួចបួងចង្កូតជ្រុលទៅបុករថយន្ត ស្ទួចចំពីចំហៀងខាងឆ្វេង យ៉ាងពេញទំហឹង បន្តទៅបោកផ្ទប់នឹងរថយន្តក្រឡុកស៊ីម៉ងត៍វិញ បណ្តាលឲ្យរថយន្តMazdaរងការខូចខាតស្រួញចូលគ្នាអស់ស្ទើរទាំងស្រុង និងរងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែកឯរថយន្តស្ទូចត្រូវសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុ រីឯរថយន្តក្រឡុកស៊ីម៉ងត៍វិញ បន្តបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅ ផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





