ទីក្រុងឡុងដ៍ ៖ រហូតមកដល់ពេលនេះ អង់គ្លេស បាន និង បញ្ជូនមីស៊ីលជាច្រើនប្រភេទ ទៅជួយអ៊ុយក្រែន រួមមាន កាំជ្រួចប្រឆាំងនឹងយន្ដហោះចម្បាំង មីស៊ីលប្រឆាំងនឹងរថក្រោះ និង កាំជ្រួចប្រឆាំងនឹងនាវាចម្បាំង សម្រាប់ទប់ទល់ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

សារព័ត៌មាន Republic World បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ថា ស្របពេលអំឡុងសង្គ្រាម រវាងរុស្ស៊ី-អ៊ុយក្រែន កំពុងតែផ្ទុះឡើងយ៉ាងក្ដីគគុកនោះ នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានប្រាប់ដល់រដ្ឋមន្រ្ដីរបស់លោក ថា លោកកំពុងតែស្វះស្វែងរកការទិញនូវគ្រឿងយុទ្ធោបករណ៍ ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីការពារប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់លោក វ៉្លាឌីមីរៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី នៅក្នុងការវាយលុក ចូលទៅកាន់កាប់ទីក្រុងកំពង់ផែសមុទ្រខ្មៅ អូដេសា (Odesa) នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន។
ចក្រភពអង់គ្លេស បានប្រកាន់គោលជំហរយ៉ាងរឹងមាំ គាំទ្រដល់ប្រទេសអ៊ុយក្រែន ដែលរងគ្រោះ ដោយសារសង្គ្រាម ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានលើកកម្លាំងយោធា វាយលុកចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានផ្ដល់ជំនួយយោធាជាបន្ដបន្ទាប់ដល់ក្រុងគៀវ រួមទាំង មីស៊ីលប្រឆាំងនឹងយន្ដហោះ និង រថក្រោះ ផងដែរ។ ប៉ុន្ដែនៅពេលនេះ លោកនាយករដ្ឋមន្រ្ដី កំពុងតែស្វះស្វែង រកទិញកាំជ្រួចប្រឆាំងនឹងនាវាចម្បាំងបន្ថែមទៀត សម្រាប់ជួយដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកម្លាំងទ័ពដ៏ខ្លាំងក្លារបស់រុស្ស៊ី។

លោក បូរីស ចនសុន នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស កាលពីប៉ុន្មានថ្ងៃមុនេះ បានប្រាប់ដល់សភាអង់គ្លេស ថា គាត់នឹងបញ្ជូនគ្រឿងសព្វាវុធប្រកបដោយគ្រោះថ្នាក់ ដែលអាចប្រឆាំងនឹងអាកប្បកិរិយាគំរាមកំហែងរបស់រុស្ស៊ី និង ទង្វើធ្វើសង្រ្គាមដណ្តើមយកទឹកដីរបស់លោក ពូទីន។ ជាមួយគ្នានេះ អង់គ្លេស នឹងផ្តល់ឱ្យនូវមធ្យោបាយជាច្រើនបន្ថែមទៀត សម្រាប់អ៊ុយក្រែន ដើម្បីបន្តការពារពលរដ្ឋ និងទឹកដីរបស់ពួកគេ។
ក្រៅពីនេះ នាយករដ្ឋមន្រ្ដីចក្រអង់គ្លេស លោក ចនសុន ក៏បានប្រកាស អំពីកញ្ចប់ជំនួយផ្នែកការពារជាតិថ្មីដ៏សំខាន់ សម្រាប់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំណាតូ និង G7 ផងដែរ។ បច្ចុប្បន្ន អង់គ្លេស ក៏នឹងបន្ដបញ្ជូនមីស៊ីល ប្រឆាំងនឹងរថក្រោះ ចំនួន ៦ ០០០ដើម និង ថវិកាចំនួន២៥លានផោន (លុយអង់គ្លេស) ឬស្មើនឹង៣២,៨៥លានដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀត សម្រាប់កងទ័ពអ៊ុយក្រែន។
លោកឧត្តមនាវីឯក ស័រ តូនី រ៉ាដាឃីន (Sir Tony Radakin) សេនាធិការក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានប្រាប់ដល់សភាអង់គ្លេស ថា រុស្ស៊ីបានប្រើតួនាទី ប្រយុទ្ធនៅលើដី ប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។ រីឯកងទ័ពអ៊ុយក្រែន បាននិងកំពុងទប់ទល់យ៉ាងខ្លាំង ប្រឆាំងនឹងកម្លាំងឈ្លានពានរបស់រុស្ស៊ី។ ឥឡូវនេះ ចក្រភពអង់គ្លេស គ្រោងនឹងផ្តល់ជំនួយជាអាវុធដ៏សាហាវ អាចការពារបានច្រើនឡើងទ្វេដង ដោយគ្រោងនឹងផ្គត់ផ្គង់មីស៊ីល ប្រមាណជាង ១០ ០០០ដើម។ ក្រៅពីនេះ អង់គ្លេស ក៏នឹងពង្រីកជំនួយមនុស្សធម៌ និង សេដ្ឋកិច្ច សម្រាប់អ៊ុយក្រែន ដែលមានទំហំទឹកប្រាក់ ចំនួន ៤០០លានផោន ឬស្មើនឹង ៥២៥,៦៤លានដុល្លារសហរដ្ឋអាមេរិរក ដែលបានសន្យា កាលពីពេលមុនមក៕ រក្សាសិទ្ធិដោយ ៖ សារាយSN










