នេះជាខណៈពេលដ៏ភ្ញាក់ផ្អើល ខណៈដែលស្រ្តីបើករថយន្ត Audi ម្នាក់ បានដោះអាវ និងផ្ទុះកំហឹងស្ទុះវាយទៅលើមន្រ្តីប៉ូលីសចរាចរណ៍យ៉ាងចាស់ដៃ ទាំងនៅកណ្តាលផ្លូវ។
ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ បានកើតឡើងនៅក្នុងទីក្រុង Qinglin ខេត្ត Shandong ប្រទេសចិន។
តាមរយៈរូបភាពនៃវីដេអូដែលត្រូវបានថតដោយអ្នកដំណើរឆ្លងកាត់ បានបង្ហាញរថយន្ត SUV ស៊េរីទំនើបមួយគ្រឿង បានបើកចូលគន្លងអ្នកជិះកង់ ហើយក៏ត្រូវបានប៉ូលីសស្នើឱ្យឈប់។ ទោះជាយ៉ាងណា ជំនួសឱ្យការគោរពតាមសញ្ញាចរាចណ៍ស្ត្រីអ្នកបើកបរបំពានចរាចរណ៍ដោយចេតនារូបនេះ មិនព្រមឈប់រថយន្តឡើយ ដោយនៅតែព្យាយាមបើករថយន្តរុលទៅមុខ។
តែទោះយ៉ាងណា នៅទីបំផុត ស្រ្តីរូបនេះក៏បានឈប់រថយន្ត។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ឈប់ ស្រ្តីរូបនេះបានចុះពីរថយន្ត រួចដើរសំដៅទៅរុញច្រាន និងវាយប៉ូលីសភ្លាមៗតែម្តង។ មិនត្រឹមតែប៉ុណ្ណឹង ស្រ្តីរូបនេះក៏បានដោះអាវក្រៅ គ្រវែងចូលក្នុងរថយន្ត រួចត្រឡប់មកវិញ ស្ទុះទៅទះកំផ្លៀងប៉ូលីសម្នាក់ទៀត និងថែមទាំងស្រែកប្រឆាំងខ្លាំងៗទៀតផង។
គេក៏មិនដឹងថា ស្រ្តីរូបនេះដែលបានបំពានចរាចរណ៍ និងការបញ្ចេញឥរិយាបថដ៏មិនសមរម្យវាយទៅលើមន្ត្រីប៉ូលីស ត្រូវបានឃុំខ្លួនភ្លាមៗ ឬយ៉ាងណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







