Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំ.ភ្លើង និង​ធ្នូ​ប៉ះ​គ្នា​រវាង​ទាហាន និង​កុលសម្ព័ន្ធ Yanomami ដោយសារ​រឿង password wifi ហើយ​លទ្ធផល​គឺថា…

កាលពីចុងខែមីនា កន្លងទៅថ្មីៗនេះ សមាជិកកុលសម្ព័ន្ធ Yanomami ចំនួន៤នាក់ ត្រូវបានទាហានបាញ់សម្លាប់ បន្ទាប់ពីមានការប្រយុទ្ធគ្នាជុំវិញការប្តូរលេខសម្ងាត់ (password) wifi។

ហេតុការណ៍នេះបានកើតឡើងនៅតំបន់ដាច់ស្រយាលនៃព្រៃអាម៉ាហ្សូន ដែលមានឈ្មោះថា Parima B ជិតព្រំដែនប្រេស៊ីល -ជាកន្លែងដែលមូលដ្ឋានទ័ពអាកាសរបស់យោធាវេណេស៊ុយអេឡាស្ថិតនៅទីនោះ។

កុលសម្ព័ន្ធ Yanomami គឺត្រូវបានដឹងថាមានប្រជាជន ៣,៨០០០ នាក់ រស់នៅលើផ្ទៃដី ១៨ លានហិកតា ដោយដើររយៈពេល ៤០ ថ្ងៃពីទីក្រុងដែលនៅជិតបំផុត ហើយអាចទៅដល់បានដោយយន្តហោះប៉ុណ្ណោះ។

កាលពីប៉ុន្មានឆ្នាំមុន ពួកគេបានធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល ដើម្បីប្រើប្រាស់ការតភ្ជាប់អុីនធើរណែតរបស់មូលដ្ឋានកងទ័ព ដើម្បីរាយការណ៍ភ្លាមៗអំពីភាពមិនប្រក្រតីនៅក្នុងដីរបស់ពួកគេ ជាពិសេសការជីកយករ៉ែមាសខុសច្បាប់។ ប៉ុន្តែកាលពីខែមុន មានការផ្លាស់ប្តូរថ្នាក់ដឹកនាំមួយចំនួននៅមូលដ្ឋាន ហើយពាក្យសម្ងាត់ wifi ក៏ផ្លាស់ប្តូរផងដែរ។

ទោះយ៉ាងណា បន្ទាប់ពីការតភ្ជាប់អុិនធើរណែតត្រូវបានកាត់ផ្តាច់ ប្រជាជនកុលសម្ព័ន្ធមួយចំនួនបានដើរជាច្រើនថ្ងៃ ទៅកាន់មូលដ្ឋានទ័ពអាកាស ដើម្បីត្អូញត្អែរអំពីបញ្ហានេះ ប៉ុន្តែស្ថានការណ៍បានប្រែជាចលាចលនៅពេលដែលទាហានបដិសេធមិនចែករំលែក password ថ្មី។ ការប៉ះទង្គិចគ្នា​ជា​បន្តបន្ទាប់​បានធ្វើ​ឱ្យជនជាតិដើមភាគតិច​៤​នាក់​ត្រូវបានបាញ់សម្លាប់ ខណៈ​៥​នាក់ផ្សេងទៀត​និងទាហានជា​ច្រើននាក់រងរបួស។

លោក Miguel Rodriguez អភិបាលរដ្ឋ Amazonas បាននិយាយថា មន្ត្រី និងព្រះរាជអាជ្ញា ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ដើម្បីសាកល្បង និងកំណត់ឱ្យច្បាស់នូវអ្វីដែលបានកើតឡើង និងអ្នកណាជាអ្នកទទួលខុសត្រូវ។

Yanomami ដំបូង មានទំនាក់ទំនងយូរអង្វែងជាមួយអ្នកខាងក្រៅក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ នៅពេលដែលរដ្ឋាភិបាលប្រេស៊ីល បានបញ្ជូនទាហានទៅបោះបង្គោលព្រំដែនជាមួយប្រទេសវេណេស៊ុយអេឡា។ ចាប់តាំងពីពេលនោះមក តំបន់នេះត្រូវបានបំផ្លិចបំផ្លាញដោយរលកនៃអ្នកជីករ៉ែមាសខុសច្បាប់ចំនួន 40,000 នាក់ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយស្ថានភាពនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វ៉េណេស៊ុយអេឡា លោក Tarek William Saab បានប្រកាសថា ក្រសួងសន្តិសុខសាធារណៈ និងការិយាល័យ Ombudsman ត្រូវបានប្រមូលផ្តុំ ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុនេះ។ គាត់បានតែងតាំងព្រះរាជអាជ្ញាសម្រាប់កិច្ចការជនជាតិដើមភាគតិច និងសិទ្ធិមនុស្ស ដើម្បីធ្វើការស៊ើបអង្កេតរួមគ្នាជាមួយអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្ម និងវិទ្យាសាស្ត្រឧក្រិដ្ឋកម្ម (Cicpc) ។ មន្ត្រីបានទៅ Parima B ដើម្បីធ្វើការស៊ើបអង្កេត ប៉ុន្តែ​មេធាវីម្នាក់​បានព្រមានពីការលំបាកផ្នែកវប្បធម៌​ដែលអាចរារាំងការស៊ើបអង្កេត «​ដោយសារទស្សនៈ​​ផ្ទាល់របស់ពួកគេ ដែលជាហេតុពួកគេ​មិនអនុញ្ញាតឲ្យបងប្អូនពួកគេ​ចេញក្រៅ​ឡើយ ហើយក៏មិនអនុញ្ញាតឲ្យប៉ូលិសធ្វើ​កោសល្យវិច័យដែរ​»​។

យោងតាមការស៊ើបអង្កេតបឋម អាវុធដែលភាគីទាំងសងខាងប្រើប្រាស់រួមមាន កាំភ្លើង និងធ្នូ។ ប៉ូលិសរឹបអូសបានកាំភ្លើង ៩ មិល្លីម៉ែត្រ និងគ្រាប់កាំភ្លើងយ៉ាងតិច ៧០ ដើម រួមនឹង​ដំបង ឥដ្ឋ និងថ្ម ដែលរាយប៉ាយ​នៅ​កន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×