រដ្ឋធានីគៀវ៖ ស្របពេលសង្គ្រាមកំពុងតែវាយប្រយុទ្ធគ្នាយ៉ាងស្រួចស្រាល់ រវាងកម្លាំងទាហានអ៊ុយក្រែន និង រុស្ស៊ី នោះ មជ្ឈមណ្ឌល សម្រាប់ការសិក្សាយុទ្ធសាស្រ្ដ និងអន្ដរជាតិ ហៅកាត់ CSIS បានអះអាងពីទំហំ នៃការខូចខាតកងទ័ពរុស្ស៊ី នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន លើសពីចំនួនខាតបង់កម្លាំងទាហានរបស់សហភាពសូវៀត លុយលុយប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជាង១០ឆ្នាំ។
មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្រ្ដ និង សិក្សាអន្ដរជាតិ ហៅកាត់ CSIS កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានចេញផ្សាយនូវអត្ថបទវិភាគមួយ ដោយសរសេរថា នៅក្នុងវាយប្រយុទ្ធគ្នា អស់រយៈពេល៤សប្ដាហ៍កន្លងមកនេះ រុស្ស៊ី អាចបាត់បង់ ចំនួន២៥ភាគរយ នៃកម្លាំងវាយប្រយុទ្ធដំបូងរបស់ខ្លួន។ ការស្លាប់របស់កងទ័ពរុស្ស៊ីទាំងនេះ ក៏មិនស្មើនឹងទំហំ នៃការសម្លាប់ នៅក្នុងសម័យសង្គ្រាមលោកលើកទី២នោះទេ ប៉ុន្តែវាមានទំហំធំ បើធៀបនឹងទំហំតូច នៃកម្លាំងយោធារុស្ស៊ី នាពេលបច្ចុប្បន្ននេះ។ បើទោះជាការពង្រឹង និង ការបន្ថែមកម្លាំងជំនួយ បង្គ្រប់នូវការខូចខាតខ្លះៗយ៉ាងណាក៏ដោយ ក៏ការបាត់បង់ទាហាន ដែលបានបណ្តុះបណ្តាលនេះ អាចនឹងធ្វើឱ្យខូចខាតដល់ប្រតិបត្តិការយោធា ហើយនៅទីបំផុត វាប៉ះពាល់ដល់ឥទ្ធិពលនយោបាយបន្ថែមទៀតផង។

រហូតមកដល់ពេលនេះ រុស្ស៊ី បានបាត់បង់កម្លាំងទ័ពខ្ពស់។ ប៉ុន្ដែមន្រ្ដីជាន់ខ្ពស់យោធារបស់អង្គការ NATO បានប៉ាន់ប្រមាណថា រុស្ស៊ីបានបាត់បង់កម្លាំងទាហានរបស់ខ្លួន ចន្លោះពី ៧០០០ ទៅ ១៥០០០នាក់ នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន អស់រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។ រីឯអ្នករងរបួសដែលមិនអាចវិលត្រឡប់ ទៅបំពេញកាតព្វកិច្ចវិញបាន ជាទូទៅមានចំនួនប្រហែលពីរដង នៃចំនួនអ្នកស្លាប់។ នេះមានន័យថា រុស្ស៊ីបានបាត់បង់កម្លាំងទាហានរបស់ខ្លួន ចន្លោះពី ២១ ០០០ ដល់ទៅ ៤៥ ០០០នាក់ នៅក្នុងសង្គ្រាម អស់រយៈពេល៤សប្តាហ៍ នៅក្នុងប្រទេសអ៊ុយក្រែន។ ចំនួនទ័ពរុស្ស៊ី ត្រូវបានរាយការណ៍ ពីការបាត់បង់ជីវិតនេះ គឺច្រើនជាងទាហានសម័យសហភាពសូវៀត បានចូលលុកលុយ នៅក្នុងសង្រ្គាម អស់រយៈពេលជាង១០ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបានស្លាប់ ចំនួន ១៤ ៤០០នាក់។

ប្រភពព័ត៌មានដដែល បានបន្ដថា កម្លាំងលុកលុយដំបូងរបស់រុស្ស៊ី មានទាហានប្រហែល ១៩០ ០០០នាក់។ ទោះជាយ៉ាងណាក៏ដោយ កម្លាំងទាំងនោះ រួមមាន កងជីវពល នៅក្នុង តំបន់ Donbas និង កងកម្លាំងសន្តិសុខ (Rosgvardiya) សម្រាប់ការចូលកាន់កាប់ផងដែរ។ ចំណែកកងទ័ពជើងគោក មានចំនួនប្រហែល ១៤០ ០០០នាក់។ ដូច្នេះ រុស្ស៊ី អាចនឹងបាត់បង់ប្រហែលមួយភាគបួន នៃកម្លាំងប្រយុទ្ធដំបូងរបស់ខ្លួន។
ទោះជាយ៉ាងណា កម្លាំងទ័ពរបស់រុស្ស៊ី បច្ចុប្បន្ន មិនធំសម្បើម ដូចសម័យសហភាពសូវៀត នោះទេ។ នៅក្នុងអំឡុងសង្គ្រាមត្រជាក់ សហភាពសូវៀត មានកម្លាំងទ័ព ប្រហែល៣,៥លាននាក់។ ប៉ុន្ដែក្រោយមក សហភាពសូវៀត បានដូលរលំ នៅឆ្នាំ១៩៩១។ សព្វថ្ងៃនេះ ប្រទេសរុស្ស៊ី មានកម្លាំងយោធា សរុបប្រហែល ៩00 000 នាក់។ នេះបើយោងតាមតួលេខចុងក្រោយ ពីវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ នៅទីក្រុងឡុងដ៍៕រក្សាសិទ្ធិដោយ ៖ សារាយSN











