រដ្ឋធានីបែលហ្គាដ (Belgrade) ៖ ប្រធានាធិបតីស៊ែប៊ី លោក អាឡែកសាន់ដឺរ វូស៊ីក (Aleksander Vucic) ដែលបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ ទី៣ ខែមេសា បានអះអាងថា ជម្លោះនៅអ៊ុយក្រែន បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងលទ្ធផលបោះឆ្នោត នាពេលនេះ។ នេះបើយោងតាម សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅកាលពីព្រឹក ថ្ងៃទី៤ ខែមេសា។

លោកប្រធានាធិបតី បានបញ្ជាក់ នៅក្នុងសន្ទរកថាជ័យជម្នះរបស់គាត់ថា «វិបត្តិនៅអ៊ុយក្រែន មានឥទ្ធិពលយ៉ាងធំធេង មកលើលទ្ធផលបោះឆ្នោត នៅក្នុងប្រទេសស៊ែប៊ី។ ជាមួយគ្នានេះដែរ ស៊ែប៊ី នៅតែមិនមានផែនការណាមួយ ងាកចេញ ពីអព្យាក្រឹតភាព រវាងសហភាពអឺរ៉ុប និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី និងចិន នោះឡើយ»។
លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា «យើងនឹងនៅតែរក្សាគោលនយោបាយដ៏មានសារៈសំខាន់ សម្រាប់អឺរ៉ុប រុស្ស៊ី និង អាមេរិក ហើយនោះ គឺជា … អព្យាក្រឹតភាពយោធា។ ស៊ែប៊ី នឹងនៅតែព្យាយាមរក្សានូវទំនាក់ទំនងមិត្តភាព និង ភាពជាដៃគូ នៅក្នុងវិស័យជាច្រើនជាមួយសហព័ន្ធន៍រុស្ស៊ី»៕រក្សាសិទ្ធិដោយ ៖ សារាយSN












