Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុ​ស្សុី ប្រកាស​នាំចេញ​អាហា​រ ទៅកាន់​តែ​ប្រទេស​ជា​មិត្ត​ប៉ុណ្ណោះ ហើយក៏​មិនខ្ចី​ទិញ​អ្វី​ពី «សត្រូវ» ឡើយ

អតីតប្រធានាធិបតីរុស្ស៊ី និងជាមន្ត្រីសន្តិសុខជាន់ខ្ពស់ លោក Dmitry Medvedev បានថ្លែងកាលពីថ្ងៃ​ទី​៣ ខែ​មេសា ​កន្លងទៅ​នេះថា​ អាហារគឺជា “អាវុធស្ងាត់” ក្នុងការប្រយុទ្ធប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច។ រុស្ស៊ីអាចបញ្ឈប់ការទិញលក់អាហារ​ជាមួយប្រទេសដែលរុស្ស៊ី​ “ចាត់ទុកថា​មិនរាក់ទាក់” ដោយនាំតែទៅកាន់ប្រទេសជាមិត្តប៉ុណ្ណោះ។

លោក Medvedev បានព្រមានកាលពីថ្ងៃសុក្រនៅលើ Telegram របស់គាត់ថា ជាការសងសឹកចំពោះទណ្ឌកម្មដែលដាក់ដោយលោកខាងលិច ជុំវិញការឈ្លានពានអ៊ុយក្រែន នោះរុស្ស៊ីនឹង «មិនផ្គត់ផ្គង់ផលិតផល និងផលិតផលកសិកម្មដល់សត្រូវរបស់យើងទេ»។

លោក Medvedev បាននិយាយថា «យើងនឹងផ្គត់ផ្គង់ស្បៀងអាហារ និងដំណាំសម្រាប់តែមិត្តភក្តិរបស់យើងប៉ុណ្ណោះ»។ លោកក៏បាននិយាយថា រុស្ស៊ី​នឹងមិនទិញអ្វីពី «​សត្រូវរបស់ខ្លួន» ឡើយ។

រុស្ស៊ី គឺជាប្រទេសផលិតគ្រាប់ធញ្ញជាតិដ៏ធំបំផុតមួយរបស់ពិភពលោក រួមជាមួយប្រទេសឥណ្ឌា និងប្រទេសចិន។ រុស្ស៊ីក៏ជា​អ្នកនាំចេញស្រូវសាលីធំជាងគេ​ផងដែរ។

ប្រទេសរុស្ស៊ីផ្គត់ផ្គង់ 18% នៃស្រូវសាលីរបស់ពិភពលោក និង 39% នៃប្រេង canola ។ ប្រសិនបើរុស្ស៊ីដាក់កម្រិតលើការនាំចេញរបស់របរទាំងនេះ ឬពិភពលោកមិនព្រមនាំចូលទំនិញទាំងនេះពីរុស្ស៊ីទេនោះ វាអាចបំបាត់ភាពអត់ឃ្លានជាសកល នេះបើយោងតាមកាសែត Washington Post។

ការនាំចេញកសិផលបាននាំប្រទេសរុស្ស៊ី ទទួលបាន ៣៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ហើយរុស្ស៊ីមាន «អតិថិជនច្រើន» នៅខាងក្រៅអឺរ៉ុប និងអាមេរិកខាងជើង។

ក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរុស្ស៊ីបញ្ចូលឧបទ្វីបគ្រីមេ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធភាពលើទីក្រុងម៉ូស្គូ។ ហើយទន្ទឹមនឹងនោះ រុស្ស៊ី​ក៏បានឆ្លើយតបនឹងវិធានការមួយចំនួន រួមទាំងការហាមប្រាមការនាំចូលអាហារជា​ច្រើន។ តែទោះជាយ៉ាងណា ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មបន្ថែមទៀត ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ នៅពេលដែលរុស្ស៊ីធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។

ហានិភ័យ​នៃ​ការខ្វះខាតស្បៀងអាហារក្នុងពិភពលោក​ត្រូវប្រុងប្រយ័ត្ន​បន្ទាប់ពីសង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន​បានផ្ទុះ​ឡើង។ អ៊ុយក្រែន​ក៏ជា​ប្រទេសផលិតស្រូវសាលី​ឈានមុខគេ​ក្នុងពិភពលោកផងដែរ។

នៅថ្ងៃទី៣១ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយ ក្នុងការនាំចេញឧស្ម័នទៅកាន់ «បណ្តាប្រទេសដែលមិនរួសរាយរាក់ទាក់» (ដែលត្រូវបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី) នឹងត្រូវទូទាត់ជាប្រាក់រូពី ចាប់ពីថ្ងៃទី១ ខែមេសា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×