ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តlexusRX330មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏រេចង្កូតទៅបុ.ករបាំងថ្មរពុះចែកទ្រូងផ្លូវ បាក់ចំនួន៣កង់ ចំណែករថយន្តបានដាច់កង់មុខ ក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៦ខែមេសាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាកlexusRX330 ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AL-0026 បើកបរតាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបា.ក់ចំនួន ៣កង់ ចំណែកឯរថយន្តបង្កវិញ បានដា.ច់កង់មុខក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់តៃកុង រង់ការខូចខាតតែរថយន្តនិងរបាំងថ្មពុះចែកទ្រូងផ្លូវ ជាទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ ហើយភ្លាមនោះដែរ តៃកុងរថយន្តបង្កបានគេចចេញ ពីចំណុចកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ច ចុះមកវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត







