ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់ទៀត បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុ.ករថយន្តកូរ៉េដឹកដូងចតស្ងៀម នៅលើចិញ្ចើមផ្លូវចំពីក្រោយ ពេញទំហឹង រងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េដឹកដូងមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ កំពង់ចាម 2A-1393 បានបែកកង់រួចយកទៅចតនៅចិញ្ចើមផ្លូវ សហព័ន្ធរុស្ស៊ី ដើម្បីដោះដូរកង់ ពេលកំពុងតែដូរ ស្រាប់តែមានបុរសម្នាក់ រួមដំណើរជាមួយនិងនារីម្នាក់ទៀត បានបើករថយន្តស៊េរីទំនើប ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2BC-1028 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកខាងស្តាំដៃ ទៅបុ.ករថយន្តកូរ៉េដឹកដូងពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតរថយន្តបង្កខ្ទេ.ចមួយកំណាត់មុខ ចំណែកឯរថយន្តដឹកដូងវិញ ខូចខាតផ្នែកខាងក្រោយបន្តិចបន្តួច សំណាងល្អមិនមានអ្នករងរបួស ហើយភ្លាមនោះដែរ តៃកុងរថយន្តបង្កនិងនារីម្នាក់ទៀត បានចុះពីរថយន្តឡើងជិះកង់បី គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត






