ភ្នំពេញ : តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២២នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ ជនជាប់ចោទចំនួន២ នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ឃាត.កម្ម ដោយយកពូថៅកា.ប់ទៅលើបុរសរងគ្រោះម្នាក់ បណ្តាលឲ្យស្លា.ប់ រួចយកបោះ.ចោលនៅក្នុងវាលស្រែ រួចរត់គេចខ្លួន ប្រព្រឹត្តនៅស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ១៩៩៩ ។
លោក ប៉ុល សំអឿន ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ ៖ ទី១-ឈ្មោះ ស៊ុយ រ៉ាវី ភេទប្រុស អាយុ ៥០ ឆ្នាំ ។ ទី២- ឈ្មោះ ម៉េង ម៉ាប់ ភេទប្រុស អាយុ ៤៨ ឆ្នាំ (រត់គេចខ្លួន) ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ហេង ហុក ភេទប្រុស មានទីលំនៅ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទទាំង២ ត្រូវបានសាលាដំបូងខេត្តកំពង់ចាម កាលពីឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ម្នាក់ៗ ១៥ ឆ្នាំ ពីបទ ” ឃាត.កម្ម ” តាមមាត្រា ១៩៩ នៃក្រុមព្រហ្មទណ្ឌ។
ជនជាប់ចោទ ស៊ុយ រ៉ាវី បានប្តឹងឧទ្ទរណ៍ ។ ចំណែកឯឈ្មោះ ម៉េង ម៉ាប់ ( រត់គេចខ្លួន) មិនបានប្តឹងឧទ្ធរណ៍ទេ ។
ជនជាប់ចោទឈ្មោះ ស៊ុយ រ៉ាវី ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៩ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។
សំណុំរឿងនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា នៅថ្ងៃ ទី ២៧ ខែ មេសា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ : ចន្ទា ភា

