រដ្ឋធានីវ៉ាសាវី ៖ ក្រោយពេលលោក ម៉ាក្រុង ប្រធានាធិបតីបារាំងព្យាយាមចរចាជាមួយនឹងសមភាគី ពូទីន ជាច្រើនលើកច្រើនដងមកហើយ នៅតែមិនទទួលបានលទ្ធផលអ្វីបន្ដិចសោះនោះ ទើបនាយករដ្ឋមន្រ្ដីប៉ូឡូញ បានលើកឡើងថា «គ្មានអ្នកណាម្នាក់ពិភាក្សាជាមួយនឹងឧក្រិដ្ឋជនសង្គ្រាម និងក៏គ្មានអ្នកណាចរចាជាមួយនឹងហ៊ីត្លែរនោះទេ។

សារព័ត៌មានអង់គ្លេស Reuters បានផ្សាយថា នាយករដ្ឋមន្រ្ដីប៉ូឡូញ កាលពីថ្ងៃចន្ទ ទី៤ ខែមេសា បានរិះគន់យ៉ាងខ្លាំងដល់ប្រធានាធិបតីបារាំង លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ចំពោះការចរចាជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ដោយគាត់អះអាងថា «គ្មានអ្នកណាម្នាក់ចរចាជាមួយហ៊ីត្លែរនោះទេ»។ ការលើកឡើងរបស់មេដឹកនាំប៉ូឡូញ បានកើតឡើង ចំពេលមានការតវ៉ាជាអន្តរជាតិ ជុំវិញការសម្លាប់យ៉ាងរង្គាល លើជនស៊ីវិល នៅក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។
លោក ម៉េទូស ម៉ូរ៉ាវ៉ីកគី (Mateusz Morawiecki) នាយករដ្ឋមន្ត្រីប៉ូឡូញ បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានថា «ប្រធានាធិបតី លោក ម៉ាក្រុង តើគាត់ចរចាជាមួយ ពូទីន ប៉ុន្មានដងមកហើយ តើលោកបានសម្រេចអ្វីខ្លះត្រឡប់មកវិញ? តើលោកអាចបញ្ឈប់សកម្មភាពណាមួយ បាន និង កំពុងតែកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន បានដែរឬទេ? ជាធម្មតា គេមិនគួរចរចាជាមួយឧក្រិដ្ឋជន នោះឡើយ។ ផ្ទុយទៅវិញ គួរតែប្រយុទ្ធជាមួយជនទាំងនោះ ព្រោះ… គ្មានអ្នកណាម្នាក់ចរចាជាមួយហ៊ីត្លែរ «Hitler» នោះដែរ តើលោកចង់ចរចាជាមួយហ៊ីត្លែរ (Hitler), ស្ដាលីន (Stalin) និង ប៉ុល ពត (Pol Pot) ទេ?»។

ដោយឡែក ការិយាល័យប្រធានាធិបតីបារាំងអេលីហ្សេ (Elysee) បានឆ្លើយតបវិញថា ករណីនេះ ជារឿងសំខាន់ សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក្នុងការឈ្វេងយល់ អំពីការទាមទាររបស់បណ្ដាប្រទេសលោកខាងលិច និង ការខូចខាតសម្រាប់រុស្ស៉ី ក្នុងការមិនយកចិត្តទុកដាក់របស់ពួកគេ ដូចកាលពីពេលដំបូងមក។ ជាមួយគ្នានេះ ប្រធានាធិបតីបារាំង គ្រាន់តែប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធ្វើឲ្យលោក ពូទីន បញ្ឈប់សង្គ្រាម ហើយខិតខំប្រឹងប្រែងសម្រុះសម្រួល រវាងប្រធានាធិបតីរុស្ស៊ី និង សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy)។
អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី៣ ខែមេសា កន្លងមកនេះ បានចោទប្រកាន់ដល់កងកម្លាំងរុស្ស៉ី អំពីការសម្លាប់យ៉ាងរង្គាល លើជនស៊ីវិល នៅក្នុងទីក្រុងប៊ូចា (Bucha) ប្រទេសអ៊ុយក្រែន ក្រោយពួកគេដកថយ។ សកម្មភាពដ៏ឃោរឃៅនោះ បានធ្វើឱ្យមេដឹកនាំបណ្ដាប្រទេសលោកខាងលិច បានប្រតិកម្ម និងខឹងសម្បាយ៉ាងខ្លាំង ជុំវិញរូបភាព នៃសាកសព ដេករដូករណែល នៅពាសពេញផ្លូវ នៃទីក្រុងប៊ូចា៕ រក្សាសិទ្ធិដោយ ៖ សារាយSN




