ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយរបាយការណ៍នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើង ៥,៣% នៅឆ្នាំ ២០២២ និង ៦,៥% នៅឆ្នាំ ២០២៣ដោយសារកំណើននៃការនាំចេញ ទំនិញ និង លំហូរវិនិយោគផ្ទាល់ពីបរទេស។
នាយកស្តីទីប្រចាំប្រទេសកម្ពុជារបស់ ADB លោក Anthony Gill បានមានប្រសាសន៍ថា “កំណើន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញដល់ប្រមាណ ៣,0% ក្នុងឆ្នាំ ២០២១ បន្ទាប់ពីបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០។ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃកូវីដ១៩ មកលើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ច ឡើងវិញ។
ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ១៩បានអនុញ្ញាតឱ្យកម្ពុជាបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ពាណិជ្ជកម្ម និង ទេសចរណ៍ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាន នៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំ ២០២៣”។
យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៨,១% នៅឆ្នាំ ២០២២ និង ៩,១% ក្នុងឆ្នាំ ២០២៣។ កំណើននេះក៏នឹង ត្រូវបានជំរុញដោយការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណងបង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។
ការនាំចេញទំនិញ និងសេវាកម្មត្រូវបានព្យាករថានឹងកើនឡើងនៅឆ្នាំ ២០២២ និង ២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុក លើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍។ វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត ៤,៨% នៅឆ្នាំនេះ និង កើនដល់ ៦,៨% ក្នុងឆ្នាំ ២០២៣។ ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំង នឹងកូវីដ១៩ នឹងធ្វើឱ្យមានការងើបឡើងវិញបន្តិចម្តងៗ នៃវិស័យទេសចរណ៍ ដែលនឹងជួយគាំទ្រ តម្រូវការនៃកន្លែង ស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្ទាល់ផ្សេងទៀត។
របាយការណ៍នេះអំពាវនាវឱ្យ កម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីជំរុញកំណើនប្រកបដោយចីរភាព។ លោក Anthony Gill បានមានប្រសាសន៍ថា “ការបង្កើនពាណិជ្ជកម្ម និង ទេសចរណ៍ តែមួយមុខនឹងមិនគ្រប់គ្រាន់ ដើម្បីជួយកម្ពុជាឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។ ប្រទេស កម្ពុជាដែលធ្លាប់តែផ្តោតលើការផលិត និង ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើង អាចទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្ម នៃឧស្សាហកម្មធុនស្រាល ដូចជាកង់ គ្រឿងបន្លាស់ អេឡិចត្រូនិច និង ផលិតផលខ្សែភ្លើងជាដើម។ ការធ្វើពិពិធកម្មនេះនឹងធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់នឹង វិបត្តិនានានៃតម្រូវការក្រៅស្រុក”។
បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគចំនួន ២,៣ ពាន់លានដុល្លារនៅកម្ពុជា។ សម្រាប់ឆ្នាំ ២០២១ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និង ជំនួយឥតសំណងចំនួន ៣២៧,១ លានដុល្លារ ហើយបាន កៀគរថវិកាបន្ថែមចំនួន ៥ លានដុល្លារ តាមរយៈ សហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២២-២០២៥ រួមមានកម្ចីសម្បទានចំនួន ១,៤៤ ពាន់លាន ដុល្លារ និង ជំនួយឥតសំណងចំនួន ៣៧ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង ការងើប ឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕