ភ្នំពេញ ៖ បើទោះបីកម្ពុជានៅបន្តប្រឈមដោយការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងបន្តទទួលរងឥទ្ធពលនៃសភាពការណ៍សន្តិសុខក្នុងតំបន់ និងពិភពលោកក្តី ប៉ុន្តែកម្ពុជានៅតែរក្សានូវសុខសន្តិភាព បញ្ចៀសបាននូវអំពើភេរវ.កម្ម ក្នុងខណៈពេលការវាយប្រហារ ដោយភរវ.កម្មលើពិភពលោកបានកើតឡើងចំនួន ៣៤៤លើកលើ៣៧ប្រទេស។ នេះបើយោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍ និងនិងលទ្ធផល នៃប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំត្រីមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ ២០២២ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ និងក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីអគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានី ខេត្ត ទាំង២៥ និងអង្គភាពជំនាញពាក់ព័ន្ធ។
របាយការណ៍បានបន្តថា ទន្ទឹមគ្នានេះ បន្តរក្សាបានស្ថិរភាពសន្តិសុខ ទប់ស្កាត់បាននូវបទឧក្រិដ្ឋឆ្លងដែន ពង្រឹងបានយ៉ាងរឹងមាំនូវសន្តិសុខផ្ទៃក្នុង ធានាប្រក្រតីភាព ជិវភាពសង្គម និងការពារប្រកបដោយសុវត្ថិភាពទាំងស្រុងនូវស្ថាប័នកំពូលៗ របស់ជាតិ គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្ម និងបេសកកម្មរបស់ព្រះមហាក្សត្រ និងឥស្សរជនជាន់ខ្ពស់ ព្រឹត្តិការណ៍សំខាន់ៗជាតិ អន្តរជាតិ ប្រមាណជាង ៣ពាន់លើក ជាពិសេសការពារកិច្ចប្រជុំអាស៊ីអឺរ៉ុប និងការរៀបចំដោយជោគជ័យនូវសន្និសីទអាស៊ានណាប៉ូលលើកទី៤០ ដែលកងកម្លាំងនគរបាលជាតិកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានដំណើរការទៅដោយរលូន និងទទួលបានជោគជ័យគួរជាទីមោទនៈ។ ក៏ប៉ុន្តែក៏មានសភាពការមួយចំនួនត្រូវបានកត់សម្គាល់ផងដែរនោះ គឺការកើនឡើងនៃសកម្មភាពបាតុកម្ម កូដកម្មនានា ដែលនៅក្នុងហេតុការណ៍មួយចំនួនកើតឡើងក្រោមការញុះញង់របស់មជ្ឈដ្ឋានអគតិដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលក្នុងគោលដៅបង្កអស្ថិរភាពសង្គម។

របាយការណ៍ដដែលបានបន្តទៀតថា ម៉្យាងវិញទៀត ការវាយប្រហារដោយព័ត៌មានក្លែងក្លាយ និងព័ត៌មានប្រឌិតតាមរយៈបណ្តាញទំនាក់ទំនងសង្គម បានបំពុលនូវបរិយាកាសសង្គម និងបង្កឲ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណៈមតិជាតិ និងអន្តរជាតិ ។ ហេតុការណ៍ និងសកម្មភាពអវិជ្ជមានទាំងនោះ ត្រូវបានដោះស្រាយបន្សាបឥទ្ធិពល និងបង្ក្រាបតាមរយៈការអនុវត្តវិធានការ និងវិធានការរដ្ឋបាល និងវិធនាការច្បាប់របស់កងកម្លាំងមានសមត្ថកិច្ច៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ






