ទីក្រុងឡុងដ៍ ៖ បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត បាន និង កំពុងតែបង្កើននូវការដាក់កញ្ចប់ទណ្ឌកម្ម កាន់តែខ្លាំងឡើងបន្ថែមទៀត ប្រឆាំងនឹងក្រុងមូស្គូ ជុំវិញសកម្មភាពយោធា នៅក្នុងប្រទេសអ៊ុយក្រែន ហើយសកម្មភាពទាំងនេះ នឹងរុញច្រានសេដ្ឋកិច្ចរបស់រុស្ស៊ី ដើរថយក្រោយ វិលទៅរកយុគសម័យសហភាពសូវៀត ដោយរូបិយប័ណ្ណបម្រុងបរទេសរបស់ប្រទេសនេះ ជាង៦០ភាគរយ ត្រូវបានបង្កក។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ដោយដកស្រង់នូវការអះអាងរបស់លោកស្រី លីស ត្រាស់ (Liz Truss) រដ្ឋមន្រ្ដីក្រសួងការបរទេសចក្រភពអង់គ្លេស មកបញ្ជាក់ថា កញ្ចប់ទណ្ឌកម្មរបស់មហាអំណាចលោកលិច កំពុងតែជំរុញឲ្យសេដ្ឋកិច្ចរបស់រុស្ស៊ី ដើរថយក្រោយ វិលត្រឡប់ ទៅរកសម័យកាលសហភាពសូវៀត។

លោកស្រី លីស ត្រាស់ (Liz Truss) រដ្ឋមន្រ្ដីក្រសួងការបរទេសចក្រភពអង់គ្លេស បានបន្ថែមថា កញ្ចប់ទណ្ឌកម្មរបស់លោកខាងលិច នឹងធ្វើឲ្យប្រាក់ ជាង៣៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងចំណោមប្រាក់បម្រុងរូបិយប័ណ្ណបរទេស ចំនួន៦០៤ពាន់លានដុល្លាររបស់រុស្ស៊ី នៅតែមិនអាចឲ្យរបបរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ប្រើប្រាស់បាន។

ជាមួយគ្នានេះ លោកស្រី រដ្ឋមន្រ្ដីក្រសួងការបរទេសចក្រភពអង់គ្លេស ក៏បានជំរុញឲ្យមានសកម្មភាពបន្ថែមទៀត ប្រឆាំងនឹងរុស្ស៊ី។ ការអំពាវនារបស់លោកស្រី បានកើតឡើង ចំពេលមានការថ្កោលទោស បន្ទាប់ពីមានរូបភាព នៃសាកសព នៅតាមដងផ្លូវ នៅក្នុងទីក្រុងប៊ូចា (Bucha) នៅជិតរដ្ឋធានីគៀវ (Kyiv) បានផ្ទុះឡើង ក្រោយពេលកងទ័ពរុស្ស៊ី បានដកខ្លួនចេញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





















