ពិតណាស់ ជារឿយៗធនាគារ ABA តែងលេចឮកើតមានភាពមិនប្រក្រតី ក្នុងការផ្តល់សេវាកម្ម ពិសេសគឺទាក់ទងប្រតិបត្តិការគណនី ក្នុងនោះដូចជាអតិថិជនលើកឡើងពីករណីដាក់លុយចូលកុង លេបបាត់អស់ 2000$ ជាដើម និងបញ្ហាផ្សេងៗទៀត ដែលត្រូវបានអតិថិជនបង្ហោះនៅលើបណ្តាញសង្គម ជាហូរហែកន្លងៗមក ព្រោះតែធនាគារហាក់មិនមែនដំណោះស្រាយឲ្យបានល្អប្រសើរជូនពួកគេ។
ដោយឡែក ថ្មីៗនេះ មានការភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿ បន្ទាប់ពីស្រ្តីជាអតិថិជនម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Oun Pink បានបង្ហោះសូមឲ្យធនាគារ ABA ដោះស្រាយជូនគាត់ជាបន្ទាន់សម្រាប់ប្រព័ន្ធសុវត្ថិភាពគណនី ព្រោះមិនមែនតែមួយលើកទេ គឺអស់លុយពីក្នុងកុងស្រួលៗទាំងមិនដឹងខ្លួនចំនួន២លើកហើយ។ អតិថជនខាងលើ ដែលមានឈ្មោះ សុខ សុភី បានរៀបរាប់ឲ្យដឹងថា៖ «ធានាគារ ABA ជួយដោះស្រាយរឿងប្រព័ន្ធសុវត្ថិភាពនាងខ្ញុំអោយឆាប់ផង វាមិនដែលគេប្តូរលេខទូរស័ព្ទនាងខ្ញុំយកកុងនាងខ្ញុំបាញ់លុយអស់ស្រួលៗបែបនេះទេ ទាំង2លើក កុងចាស់ ដល់កុងថ្មី លុយកំលាំងញើសឈាមខ្ញុំរកទាំងពោះធំ ខំទុកចិត្តលើធានាគារអ្នក រកបានមិនដែលដក លើកទី1 សុខៗខូចAppប្រើមិនកើត ខលទៅធានាគារគេថាលេខទូរស័ព្ទដែលនាងខ្ញុំភ្ជាប់ បានប្តូរលេខថ្មីដោយនាងខ្ញុំម្ចាស់កុងផ្ទាល់អត់ដឹងអីសោះ ខ្ញុំក៏បានទៅសាខាទឹកថ្លាយក App មកវិញ រួចឃើញបាញ់លុយចេញ2ដង ចំនួនសរុប 1650$ ដោយធ្វើការស៊ើបត្រូវបង់អោយខាងធានាគារ 100$ ដើម្បីដោះស្រាយ+និងពាក្យបណ្តឹងប៉ុសិ៍្តទឹកថ្លា។
លើកទី2 ខ្ញុំបានបង្កើតកុងថ្មីនៅសាខាទឹកថ្លាដដែល ដោយសារចាំបាច់រកសុី ភ្ញៀវបាញ់លុយចូល បង្កើតថ្មីប្រើបាន3-4ថ្ងែ លុយក្នុងកុងនាងខ្ញុំឡើងបានជិត400$ ស្រាប់តែសុខៗខូចAppម្តងទៀត ចូលមិនកើត ខ្ញុំសង្ស័យ ខលទៅធានាគារភ្លាម ខាងធានាគារឆ្លើយថាលេខទូរស័ព្ទនាងខ្ញុំភ្ជាប់ខុស មានការប្តូរលេខទូរស័ព្ទថ្មីទៀត ខ្ញុំពិតជាស្លុតចិត្ត ហើយសួរចំនួនទឹកលុយអស់ មានគេបាញ់ចេញចំនួន 385$ ដោយនាងខ្ញុំម្ចាស់អត់ដឹងអីសោះ នាងខ្ញុំពិតជាមិនសុខចិត្ត សូមលោកនាយកប្រតិបត្តិ ជួយដោះស្រាយរឿងអោយនាងខ្ញុំវិញឆាប់ៗផង ខ្ញុំនិងរង់ចាំដំណោះស្រាយរបស់លោកនាយក ហើយតស៊ូក្តីដល់ទីបញ្ចប់ ទំនុកចិត្តអតិថិជននៅត្រង់ណា ??? យុត្តិធម៍ ???????»។
ក្រោយពីបានឮបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការហួសចិត្ត និងដាក់បញ្ឆិតបញ្ឆៀងថា «ABA ដូចសំបូរបញ្ហាដល់ហើយ បើកកុងងាយដល់លួចលុយក្នុងកុងក៏ងាយ, ដល់ពេលចឹងលែងចង់ប្រើ, កុំទុកលុយច្រើនសុីស, ធនាគារដាក់លុយងាយៗ ដកលុយងាយៗ មានច្រើនករណីហើយអារឿងហ្នឹង,…»។
ដោយឡែក នៅពេលគេថា ប្រហែលអ្នកជិតស្និទ្ធធ្វើស៊ី ឬអាចប្តីប៉ះពាល់ ស្រាប់តែស្រ្តីលក់ផលិតផលអនឡាញរូបនេះ បានប្រាប់ឲ្យដឹងច្បាស់ថា «ចូលទូរស័ព្ទដៃខ្ញុំយ៉ាងម៉េចបាន បើទូរស័ព្ទដៃខ្ញុំ នៅដៃខ្ញុំជាប់រហូត, អូន! ប្តីបងមិនដែលប្រើABAទេ»។ រីឯអ្នកខ្លះទៀត បានយល់ឃើញថា គេអាច Log in ចូលប្រើគណនីបាន គឺដោយសារគេស្គាល់លេខសម្ងាត់របស់យើង។
ប៉ុន្តែ អ្នកខ្លះក៏បានងឿងឆ្ងល់ថា ប្តូរលេខសំងាត់ហើយនៅតែ Log in ចូលបាន គឺរឹតតែចំលែក, បើចង់ប្តូរលេខ ក៏ត្រូវការថតមុខ និងអត្តសញ្ញាណប័ណ្ណដែរ ហើយត្រូវចូលច្រើន step មុនចូល security យើងបាន ម៉េចក៏ acc គាត់ គេនៅតែ hack បានអុីចឹង?, ធម្មតា យើងមិនអាចប្រើ App 2បានទេ ប្រើបានតែលើទូរស័ព្ទ1ប៉ុណ្ណោះ, រាល់ការផ្ញេីសារលេខកូដ គឺត្រូវផ្ញេីទៅលេខទូរស័ព្ទម្ចាស់គណនី ហេតុអីក៏វាអាចយកកូដបាន? ហេតុអីវាអាចផ្លាស់ប្តូរព័ត៌មានគណនីបាន បេីវាមិនស្គាល់លេខអត្តសញ្ញាណប័ណ្ណ និងព័ត៌មានផ្សេងៗរបស់ម្ចាស់គណនីផង។
ស្រ្តីអ្នកលក់អនឡាញខាងលើក៏បានបញ្ជាក់ ទៅកាន់បងប្អូនក្នុងខមិនទាំងហួសចិត្តថា «ដំណោះស្រាយ ខាងសាខាទឹកថ្លា គេអោយយើងចាប់ចោរខ្លួនឯង»។ តែទោះជាយ៉ាងណា បន្ទាប់ការបង្ហោះពីបញ្ហានេះបានផ្ទុះឡើង ខាងធនាគារបានប្រាប់គាត់ថា នឹងដោះស្រាយជូន ប៉ុន្តែ មិនទាន់ដឹងយ៉ាងណាយ៉ាងណីនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





