កាលពីម្សិលមិញនេះ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលខ្លាំង និងមិននឹកស្មានដល់ ក្រោយទទួលបានដំណឹងថា គ្រូតឿ ដែលកំពុងសម្តែងធ្វើឲ្យគ្រប់គ្នាសើចសប្បាយ បែរជាត្រូវសមត្ថកិច្ចហៅមកវាស់កម្ពស់ បន្ទាប់ពីផលិតវីដេអូសម្តែង «ស៊ីអាចម៌គោ» ធ្វើឲ្យមនុស្សមួយចំនួនផ្ទុះការរិះគន់។
ពិតណាស់ អ្នកណាៗ ក៏ដឹងច្បាស់ដែរថា ក្រុមគ្រូតឿពុំឆ្កួតដល់ថ្នាក់ស៊ីអាចម៌គោនោះឡើយ តែវាគ្រាន់តែជាការសម្តែងទាក់ទាញការចូលទស្សនាប៉ុណ្ណោះ។ ជាក់ស្តែង នៅក្នុងប៉ុស្តិ៍វាស់កម្ពស់ គ្រូតឿ ផ្ទាល់ក៏បានប្រាប់ឲ្យដឹងថា ក្រុមខ្លួនមិនមែនហូបអាចម៌គោពិតទេ តែតាមពិតទៅ គឺហូបសូកូឡា ដាក់នៅក្រោមម្រាមដៃ ហើយអ្នកថតកាត់តប៉ុណ្ណោះ។
ហើយនៅពេលអ្នកខ្លះរិះគន់ថា គ្រូតឿ សម្តែងស៊ីអាចម៌គោ ធ្វើឲ្យបរទេសប្រមាថមើលងាយថា ខ្មែរថោកទាប ក្រដល់ថ្នាក់ស៊ីអាចម៌គោ ក៏មានមតិឆ្លើយតបថា កុំឆ្កួតពេក បរទេសក៏គេចេះធ្វើឆ្កួតដែរ ហើយគេក៏ចេះមើលថាតើអ្វីជាការសម្តែងពិត ឬមិនពិត មិនដូចមនុស្សតែស្ករមួយចំនួនប្រមាថគាត់ធ្ងន់ៗ ដល់ថ្នាក់សមត្ថកិច្ចក៏ធ្វើតាមដ៏ហួសចិត្ត ខណៈអ្នកសម្តែងពិតបំពុលសង្គមផ្សេងៗ បែរជាសមត្ថកិច្ចមិនចាប់អារម្មណ៍ផងទៅ។
តែទោះជាយ៉ាងណា ក្រុមគ្រូតឿ គឺនៅតែទទួលបានការគាំទ្រដដែល ក្នុងនោះ ជាពិសេស ឧកញ៉ា សម្បត្តិ ជាហ្វេនមួយរូបចូលចិត្តមើលការសម្តែងរបស់ក្រុមគ្រូតឿ ក៏ចេញមកបន្តគាំទ្រពេញទំហឹង ព្រោះគាត់តែងតែសើចសប្បាយរាល់ថ្ងៃ នៅពេលបានទស្សនាវីដេអូខ្លីៗរបស់គ្រូតឿម្តងៗ។ ជាក់ស្តែង លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំចូលចិត្តមើលវីដេអូពួកគាត់ ហើយតែងតែសើចសប្បាយជារៀងរាល់ថ្ងៃ ជាពិសេស តួអង្គ គ្រូតឿ តែម្តង ខ្ញុំដឹងថា ពួកគាត់ផលិតវីដេអូ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត មិនដឹងថាធ្វើទៅប៉ះពាល់ដល់មុខមាត់ប្រទេសនោះទេ សូមបងប្អូនប្រជាពលរដ្ឋអភ័យទោសពួកគាត់ អ្វីដែលខុសហើយ សូមកែសម្រួលអោយល្អវិញ ហើយបន្តខិតខំធ្វើអោយកាន់តែល្អបន្តទៀតណាប្អូន បងនៅតែបន្តគាំទ្រ បងសូមឧត្ថម្ភថវិកា 500$ ជូនក្រុមប្អូន សូមទំនាក់ទំនងមកកាន់ផេក ក្រុមការងារនឹងផ្តល់ជូន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





