ទីក្រុងប៊្រុសសែលស៍ (Brussels) ៖ ក្រោយពេលរូបិយប័ណ្ណបម្រុងនៅបរទេសរបស់រុស្ស៊ី ជាង៣៥០ពាន់លានដុល្លារ ក្នុងចំណោមប្រាក់៦០៤ពាន់លានដុល្លារ មិនអាចយកមកប្រើប្រាស់បាននោះ បច្ចុប្បន្ន សហភាពអឺរ៉ុប កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ កំពុងតែជួបប្រជុំគ្នា ដើម្បីសម្រេច ថាតើប្លុកសេរីមួយនេះ នឹងត្រូវដាក់កញ្ចប់ទណ្ឌកម្មជាថ្មីអ្វីខ្លះ ដើម្បីប្រឆាំងនឹងក្រុងមូស្គូ? ហើយអ្វីដែលមហាអំណាចបច្ចិមលោក និង សម្ពន្ធមិត្តកំពុងតែធ្វើនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់រុស្ស៊ី ប្រឈមនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត។

លោកស្រី លីស ត្រាស់ (Liz Truss) រដ្ឋមន្រ្ដីក្រសួងការបរទេសចក្រភពអង់គ្លេស បានអះអាងថា កញ្ចប់ទណ្ឌកម្មរបស់មហាអំណាចបច្ចិមលោក និង សម្ពន្ធមិត្ត កំពុងតែរុញច្រានសេដ្ឋកិច្ចរបស់រុស្ស៊ី ឲ្យវិលត្រឡប់ ទៅរកសម័យកាលសហភាពសូវៀត។ ចំណែកប្រាក់ ជាង៣៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងចំណោមប្រាក់បម្រុងរូបិយប័ណ្ណបរទេស ចំនួន៦០៤ពាន់លានដុល្លាររបស់រុស្ស៊ី នៅតែមិនអាចឲ្យរបបរបស់លោក ពូទីន ប្រើប្រាស់បាន។ កញ្ចប់ទណ្ឌកម្មទាំងនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់រុស្ស៊ី។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ថា អំពើឃាតកម្មដ៏ព្រៃផ្សៃ លើជនស៊ីវិល នៅក្នុងទីក្រុងប៊ូចា (Bucha) នៅតាមតំបន់ផ្សេងៗទៀត នៃប្រទេសអ៊ុយក្រែន កំពុងតែជំរុញឲ្យបណ្ដាប្រទេសលោកខាងលិច អំពាវនាវឲ្យមានវិធានការជាថ្មី ដើម្បីធ្វើឲ្យខូចខាត ដល់សេដ្ឋកិច្ចរបស់រុស្ស៊ី។ សកម្មភាពបែបនេះ បានកើនឡើងកាន់តែខ្លាំង ក្រោយពេលមានការចោទប្រកាន់ អំពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុងម៉ូស្គូនៅតែបដិសេធថា កម្លាំងយោធារបស់ខ្លួន មិនបានប្រព្រឹត្ត អំពើឃោរឃៅនោះឡើយ។
លោកស្រី អ៊ូស៊ូឡា វ៉ន់ ដឺរ ឡេយ៉ែន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី៥ ខែមេសា បានកំណត់ នៅក្នុងបញ្ជី នៃសំណើទណ្ឌកម្មនេះ រួមមាន៖

១-ហាមឃាត់ដល់បណ្ដាប្រទេសទាំង២៧ នៅក្នុងសហភាពអឺរ៉បុ នាំចូលធ្យូងថ្មីរបស់រុស្ស៊ី មានតម្លៃ ៤ពាន់លានអឺរ៉ូ (លុយអឺរ៉ុប) ឬស្មើនឹងប្រហែល៤,៣៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុង១ឆ្នាំៗ ហើយហាមឃាត់ដាច់ខាត លើធនាគារកំពូលចំនួន៤របស់រុស្ស៊ី។
២-ហាមឃាត់ដល់នាវាទាំងអស់របស់រុស្ស៊ី ចូលចត នៅតាមកំពង់ផែរបស់សហភាពអឺរ៉ុប (ប៉ុន្ដែក៏មានការលើកលែងមួយចំនួនផងដែរ) និង ហាមឃាត់ដល់ប្រតិបត្តិករដឹកជញ្ជូន តាមផ្លូវគោករបស់រុស្ស៊ី។
៣-ហាមឃាត់ លើការនាំចេញបច្ចេកវិទ្យារបស់សហភាពអឺរ៉ុប និង គ្រឿងចក្រមួយចំនួន រួមទាំង ឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ និង ការនាំចូលគ្រឿងស្រវឹង អាហារសមុទ្រ និង ឈើរបស់រុស្ស៊ី។
៤-រឹតបន្តឹង លើក្រុមហ៊ុនរបស់រុស្ស៊ី នៅក្នុងការប្រកួតប្រជែង សម្រាប់កិច្ចសន្យា នៅទូទាំងសហភាពអឺរ៉ុប។
លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា សហភាពអឺរ៉ុប ក៏កំពុងតែធ្វើការងារ លើការដាក់ទណ្ឌកម្ម ជាច្រើនទៀត រួមមាន ការនាំចូលប្រេងរបស់រុស្ស៊ី ផងដែរ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ការហាមឃាត់ លើប្រេងឥន្ធនៈនេះ បានបង្ហាញ ពីចំណុចជាប់គាំង ដោយសារតែបណ្ដាប្រទេសខ្លះ រួមទាំង អាល្លឺម៉ង់ ផងដែរ នៅតែពឹងផ្អែកយ៉ាងខ្លាំង លើការទិញ ពីប្រទេសរុស្ស៊ី។ ប៉ុន្ដែបច្ចុប្បន្ន អាល្លឺម៉ង់ ក៏កំពុងតែព្យាយាម កាត់បន្ថយនូវការពឹងផ្អែក លើការទិញប្រេង និង ឧស្ម័នរាវ ឬហ្គាស ពីប្រទេសរុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយsn















