Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី ចូ បៃដិន តែងតាំងស្រ្ដីដំបូង ជាបញ្ជាការឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិក

រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ ស្រ្ដីអាមេរិកាំងជាច្រើន កំពុងតែកាន់តំណែងធំៗ ហើយបន្ថែមពីលើនេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានតែងតាំងស្រ្ដី ជាលើកដំបូង ជាមេបញ្ជាការ នៃឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក ខណៈមេបញ្ជាការបច្ចុប្បន្ន នឹងត្រូវចូលនិវត្ដន៍ នាពេលខាងមុខនេះ។

សារព័ត៌មាន The Denver Channel បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ថា លោកស្រីឧត្ដមនាវីឯក លីនដា ហ្វាហ្គេន (Linda Fagan) ក្លាយស្ដ្រីដំបូងគេ បានកាន់តំណែងជាមេបញ្ជាការ នៃឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក។ លោកស្រី កាលពីថ្ងៃទី៥ ខែមេសា ត្រូវបានលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានតែងតាំងឲ្យកាន់តំណែងកំពូលមួយនេះ។

លោកស្រី លីនដា ហ្វាហ្គេន (Linda Fagan) មានវ័យ៥៩ឆ្នាំ ជាឧត្ដមនាវីឯក ឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក ដែលជាមេបញ្ជាការរងទី៣២ នៃឆ្មាំឆ្នេរសមុទ្រ មុនពេលលោកស្រី បានចូលកាន់តំណែង ជាមេបញ្ជាការឆ្មាំឆ្នេរសមុទ្រ នៅតំបន់ប៉ាស៊ីហ្វិក។ នៅក្នុងខែមេសា ឆ្នាំ២០២២ នេះ លោកស្រី ត្រូវបានលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តែងតាំងឱ្យបន្តតំណែង ពីលោក ខាល អិល ស្គូលហ្ស៍ (Karl L. Schultz) មេបញ្ជាការឆ្មាំឆ្នេរសមុទ្រ ដែលនឹងចូលនិវត្ដន៍ ហើយនឹងធ្វើឱ្យលោកស្រី ក្លាយជាស្ត្រីដំបូងគេ នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដឹកនាំកម្លាំងយោធាមួយនេះ។

ការតែងតាំងលោកស្រីឧត្ដមនាវីឯក លីនដា ហ្វាហ្គេន (Linda Fagan) ឲ្យចូលកាន់តំណែងកំពូល នៃកងទ័ពជើងទឹកនេះ ក៏នឹងត្រូវស្ថិតក្រោមការពិចារណា ពីគណៈកម្មាធិការពាណិជ្ជកម្ម វិទ្យាសាស្ត្រ និង ដឹកជញ្ជូនរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ផងដែរ។

ជាមួយគ្នានេះ លោក ម៉ារៀ ខែនថ្វែល (Maria Cantwell) ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និង ជាប្រធានគណៈកម្មាធិការនេះ បានកើតសរសើរ ចំពោះការតែងតាំងលោកស្រីឧត្ដមនាវីឯក លីនដា ហ្វាហ្គេន (Linda Fagan) ឲ្យកាន់តំណែងកំពូលមួយនេះ។ លោកប្រធាន បានបន្ថែមថា ការតែងតាំងបែបនេះ នឹងបំផុសគំនិតស្ត្រីអាមេរិកាំងជំនាន់ក្រោយ ឱ្យខិតខំបម្រើ រហូតឈានដល់កម្រិតខ្ពស់បំផុត នៅក្នុងកងកម្លាំងប្រដាប់អាវុធ។

លោក ម៉ារៀ ខែនថ្វែល (Maria Cantwell) និង លោក តាមមី បែលដ្វីន (Tammy Baldwin) ព្រឹទ្ធសមាជិក មកពីគណបក្សប្រជាធិបតេយ្យ បានសរសេរលិខិត ទៅជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដោយស្នើសុំតែងតាំងមេបញ្ជាការឆ្មាំឆ្នេរសមុទ្រ ខណៈមេបញ្ជាការបច្ចុប្បន្ន នឹងចូលនិវត្ដន៍ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

សមាជិកព្រឹទ្ធសភាទាំងពីររូបនេះ បានសរសេរថា «ដោយសារពេលវេលាមានត្រូវការ ដើម្បីបញ្ជាក់ អំពីការតែងតាំង នៅក្នុងព្រឹទ្ធសភា វាជាការចាំបាច់ ដែលយើងទទួលបានជាផ្លូវការ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ នេះក៏ជាការធានាឱ្យមានការបន្តភាពជាអ្នកដឹកនាំ គឺមានសារៈសំខាន់បំផុត សម្រាប់សន្តិសុខជាតិ និង សេដ្ឋកិច្ចរបស់យើង»។

ប្រសិនបើមានការយល់ព្រម ពីព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក នោះ លោកស្រី Fagan នឹងក្លាយជាមេបញ្ជាការទី២៧ នៅក្នុងអំឡុងពេលពិធីតែងតាំង ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១ ខែមិថុនា នៅទីក្រុងវ៉ាស៊ីនតោន ខណៈលោកឧត្ដមនាវីឯក Karl Schultz មេបញ្ជាការបច្ចុប្បន្ន ក៏នឹងចូលនិវត្តន៍ នៅក្រោយពិធីនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×