Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញឱ្យតុលាការរាជធានីភ្នំពេញ និងតួអង្គពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ទាំងអស់ បង្កើនស្មារតីអនុវត្តច្បាប់ និងគោរពសច្ចធម៌

ភ្នំពេញ ៖ ស្របពេលប្រជាពលរដ្ឋ និងមហាជនភាគច្រើន នៅតែរិះគន់ប្រព័ន្ធយុត្តិធម៌នៃតុលាការកម្ពុជានៅឡើយថា រឿងក្ដីនីមួយៗ ចង់ឈ្នះត្រូវតែចំណាយលុយ បើគ្មានលុយ គឺភាគច្រើនត្រូវចាញ់ ឬត្រូវតុលាការផ្អឹបសំណុំរឿងទុកចោលនោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានជំរុញឱ្យ ចៅក្រម ព្រះរាជអាជ្ញា រួមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀតដែលធ្វើការក្នុងវិស័យយុត្តិធម៌ ត្រូវបន្តខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមច្បាប់ និងសច្ចធម៌ ដើម្បីឱ្យស្របតាមទិសដៅនៃការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលមានដូចជា ការពង្រឹងគុណភាពនៃការផ្តល់សេវាយុត្តិធម៌ ការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការពង្រឹងគុណភាពនៃការកាត់ក្តី ធ្វើយ៉ាងណាឲ្យមានភាពយុត្តិធម៌ស្របតាមគតិយុត្ត។

ការលើកឡើងបែបនេះរបស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើឡើងក្នុងឱកាស លោករដ្ឋមន្ត្រី អនុញ្ញាតឱ្យ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសហការីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលជួបសំណេះសំណាល និងសម្តែងការគួរសមនៅទីស្តីការក្រសួងយុត្តិធម៌ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។

ទោះជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញឱ្យតុលាការរាជធានីភ្នំពេញពង្រឹងប្រព័ន្ធយុត្តិធម៌ ជម្រះក្ដីប្រកបដោយយុត្តិធម៌ជូនប្រជាពលរដ្ឋ ឬជូនភាគីម្ចាស់សំណុំរឿងការពិតមែន, ប៉ុន្តែ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសមិទ្ធផល និងការរីកចម្រើននានាក្នុងវិស័យយុត្តិធម៌រយៈពេលជិត ៣០ឆ្នាំមកនេះ បន្ទាប់ពីកម្ពុជាងើបចេញពីភ្នក់ភ្លើងសង្គ្រាម និងទទួលបានសុខសន្តិភាព ពេញលេញ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានកត់សម្គាល់ថា វិស័យយុត្តិធម៌នៅកម្ពុជានាពេលបច្ចុប្បន្ន គឺមានការរីកចម្រើនខ្លាំងបើប្រៀបធៀបជាមួយនឹងរយៈពេល៣០ឆ្នាំមុន ដែលនេះ គឺកើតចេញពីសុខសន្តិភាពពេញលេញដែលកម្ពុជាទទួលបាន រួមជាមួយនឹងការខិតខំប្រឹងប្រែងថែរក្សាសុខសន្តិភាពបន្តរបស់តួអង្គពាក់ព័ន្ធនានា ហើយក្នុងនោះអង្គចៅក្រម និងមន្រ្តីតុលាការផ្សេងទៀតក៏ជាតួអង្គមួយដ៏សំខាន់ក្នុងការថែរក្សាសុខសន្តិភាពផងដែរ, អីចឹង យុវសម័យនេះ គឺជាយុគសម័យពង្រឹងប្រព័ន្ធយុត្តិធម៌ និងច្បាប់, ដូច្នេះ ស្ថាប័នពាក់ព័ន្ធទៅលើផ្លូវច្បាប់ ត្រូវតែអនុវត្តការងារជម្រះក្ដីប្រកបដោយយុត្តិធម៌ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ និងមហាជន ទទួលយកបាន, និងគោរពស្រឡាញ់ ផ្ដើមចេញពីទឹកចិត្តថា អ្នកបង្កើតច្បាប់ គ្រប់គ្រងច្បាប់ និងអនុវត្តច្បាប់ នៅកម្ពុជាគួរឲ្យគោរព។

ពាក់ព័ន្ធនឹងការប្ដឹងផ្ដល់ដើម្បីទាមទារយុត្តិធម៌នៅតុលាការរាជធានីភ្នំពេញ ឬក៏នៅតាមបណ្ដាខេត្តនានា នេះផងដែរ ត្រូវបានប្រជាពលរដ្ឋ និងក្រុមអ្នកច្បាប់មួយចំនួន មើលឃើញថា រឿង ក្ដីក្ដាំរបស់ប្រជាពលរដ្ឋ ឬជនដែលមានជីវភាពទន់ខ្សោយមួយចំនួន តែងតែជួបភាពអកុសល និង គួរឲ្យ សោកស្ដាយ ដែលបុគ្គលមួយចំនួននៃអង្គតុលាការរបស់យើង បែរជា ឲ្យ តម្លៃ ទៅលើ អ្នកមានអំណាចតួនាទី និងអ្នកមានអំណាចទឹកប្រាក់។

មន្ត្រីក្រុមអ្នកច្បាប់មួយចំនួនផ្សេងទៀត យល់ស្របគ្នាថា រឿងយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ឬភាគីបណ្ដឹងនីមួយៗ បញ្ហាសំខាន់ នៅចំពោះមុខនាពេលនេះ គឺ ស្ថាប័នពាក់ព័ន្ធ មិនត្រូវព្រងើយកន្តើយក្នុងការបើក ការស៊ើបអង្កេត ដោយ ឯករាជ្យ និងស៊ីជម្រៅមួយលើ ករណី អំពើពុករលួយ ក្នុងប្រព័ន្ធតុលាការ ដូចអ្វីដែលប្រជាពលរដ្ឋទន់ខ្សោយស្រែកទាមទាររកយុត្តិធម៌នាពេលកន្លងមកនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×