Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក មិនលើកលែងឡើយ ដាក់ទណ្ឌកម្មលើកូនស្រីរបស់ប្រធានាធិបតី ពូទីន

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បាន និង កំពុងតែបង្កើននូវរលកទណ្ឌកម្មជាថ្មី ប្រឆាំងនឹងប្រទេសរុស្ស៊ី ក៏ដូចជា មន្រ្ដីជាន់ខ្ពស់ និង មហាសេដ្ឋីជាច្រើនរូបរបស់រុស្ស៊ី នៅជុំវិញប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) រួមទាំងកូនស្រីសំណព្វចិត្តរបស់គាត់ ចំនួន២នាក់បន្ថែមទៀត។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម ប្រឆាំងនឹងមន្រ្ដីជាច្រើននាក់ នៅជុំវិញប្រធានាធិបតីរុស្ស៊ី ពូទីន រួមទាំងកូនស្រីរបស់គាត់ ចំនួន២នាក់។ នៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះ ក៏រួមបញ្ចូលទាំងសមាជិកគ្រួសាររបស់លោក ស៊ើរជេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី និង ធនាគារធំៗរបស់រុស្ស៊ី។ វិធានការទាំងនេះ បានធ្វើឡើង បន្ទាប់ពីមានការបង្ហាញ ពីអំពើឃោរឃៅជាថ្មី បង្កឡើង ដោយកម្លាំងទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំង រូបភាព នៃសាកសពរបស់ជនស៊ីវិល នៅរាយប៉ាយ តាមដងផ្លូវនានា នៅក្នុងទីក្រុងប៊ូចា (Bucha) នៅក្បែររដ្ឋធានីគៀវ (Kyiv)។

មន្រ្ដីជាន់ខ្ពស់ សេតវិមាន បានប្រកាស អំពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសរុស្ស៊ី រួមមាន៖

១-វិធានាការលើសេដ្ឋកិច្ច ត្រូវហាមឃាត់នូវការវិនិយោគទុនថ្មី នៅក្នុងប្រទេសរុស្ស៊ី។

២-ការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងធនាគារឯកជនដ៏ធំបំផុតរបស់រុស្ស៊ី ឈ្មោះ Alfa Bank និង ស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសនេះ ឈ្មោះ Sberbank ។

៣-ការដាក់ទណ្ឌកម្ម ប្រឆាំងនឹងសហគ្រាសធំៗ គ្រប់គ្រងដោយរដ្ឋ។

៤-ការដាក់ទណ្ឌកម្ម ប្រឆាំងនឹងមន្រ្ដីនានារបស់រដ្ឋាភិបាលរុស្ស៊ី និង សមាជិកគ្រួសាររបស់ពួកគេ។

ជាមួយគ្នានេះ ចក្រភពអង់គ្លេស ក៏បានប្រកាស អំពីការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងមហាសេដ្ឋីរបស់រុស្ស៊ី ចំនួន៨នាក់ និង ធនាគារធំៗរបស់ប្រទេសនេះ រួមមាន ធនាគារ Sberbank និង ធនាគារ Credit Bank of Moscow…ជាដើម។ ស្របគ្នានេះ សហភាពអឺរ៉ុប ក៏កំពុងតែពិភាក្សាគ្នា ដើម្បីកាត់ផ្ដាច់នូវការនាំចូលធ្យូងថ្មពីរុស្ស៊ី ជុំវិញការកើនឡើង នៃបទឧក្រិដ្ឋកម្មសង្គ្រាម។

សហរដ្ឋអាមេរិក បានបញ្ជាក់ថា កូនស្រីរបស់លោក ពូទីន គឺនាង Katerina Vladimirovna Tikhonova និង នាង Maria Vladimirovna Vorontsova ក៏ត្រូវស្ថិតនៅក្រោមច្បាប់ទណ្ឌកម្ម នេះ សម្រាប់ជាកូនពេញវ័យរបស់លោក ពូទីន ព្រោះពួកនាងក៏ជាបុគ្គល មានទ្រព្យសម្បត្តិ និង ទទួលផលប្រយោជន៍ នៅក្នុងទ្រព្យសម្បត្តិ ដែលត្រូវបានបង្កកនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×