រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានសម្រេចអនុម័តឲ្យដឹកជញ្ជូនគ្រឿងសព្វាវុធបន្ថែមទៀត រួមទាំងមីស៊ីលប្រឆាំងនឹងយន្ដហោះ និង រថក្រោះ រាប់ពាន់ដើម ហើយសម្ភារសឹកជាច្រើនផ្សេទៀត យកទៅជួយអ៊ុយក្រែន ដើម្បីបណ្ដេញកម្លាំងទាហានរបស់រុស្ស៊ី ចេញទីប្រទេសរបស់ខ្លួន។
សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ថា សហរដ្ឋអាមេរិក បានអនុម័តឲ្យដឹកជញ្ជូនគ្រឿងយុទ្ធោបករណ៍បន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន។ បើតាមបញ្ជីគ្រឿងសព្វាវុធ ត្រូវបានចុះផ្សាយ ដោយក្រសួងការពារជាតិសហរដ្ឋអាមេរិក នោះ ក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនគ្រឿងចម្បាំងជាច្រើនបន្ថែមទៀត រួមមាន ប្រព័ន្ធមីស៊ីលប្រឆាំងនឹងយន្ដហោះចម្បាំង យ៉ាងតិច ១ ៤០០ដើម, ប្រព័ន្ធមីស៊ីលប្រឆាំងនឹងរថពាសដែក ប្រភេទ Javelin ជាង ៥ ០០០ដើម, អាវុធធុនតុច ជាង ៧ ០០០ដើម និង គ្រាប់រំសេវ ៥០លានគ្រាប់។ បន្ថែមពីលើនេះ អ៊ុយក្រែន ក៏កំពុងតែទទួលបានប្រដាក់ការពារ និង មួកសុវត្ថិភាព ចំនួន ៤៥ ០០០ ឈុត, ប្រព័ន្ធរ៉ុក្កែតនាំផ្លូវ ដោយឡាស៊ែរ, ឧបករណ៍មើលពេលយប់, ប្រព័ន្ធរូបភាពកម្ដៅ និង អុបទិក ជាច្រើនទៀត។

សកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន បានកើតឡើង ក្រោយពេលព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកា ចំនួន១៣,៦ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន កាលពីខែមុននោះមក ទើបរដ្ឋការរបស់លោក ចូ បៃដិន បានសម្រេចបញ្ជូនគ្រឿងសឹក និង ជំនួយមនុស្សធម៌ ជាបន្ដបន្ទាប់ទៅជួយដល់ប្រទេសអឺរ៉ុបមួយនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

















