Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នាំចេញផលិតផលមិនមែនកាត់ដេរ កើនឡើងគួរឱ្យគត់សំគាល់

ភ្នំពេញ៖ ផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ស្បែកសត្វកែច្នៃ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត នៅឆ្នាំ ២០២១ បានធ្វើការនាំចេញ មានទឹកប្រាក់ចំនួន ៤៥៤២,១លានដុល្លារអាមេរិក កើនឡើង ៤៤,២% បើធៀបនឹងឆ្នាំ ២០២០។ នេះបើតាមការបង្ហាញទិន្នន័យរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អ្នកជំនាញអះអាងថា កំណើនល្អប្រសើរនេះ បានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា។ ទោះបីជាពេលនេះ ពិភពលោក ក៏ដូចជាកម្ពុជា កំពុងជួបវិបត្តិកូវីដ១៩ក៏ដោយ ក៏ប៉ុន្តែការនាំចេញនូវផលិតផលទាំងនេះ បានបង្ហាញពីការកើនឡើងដ៏ល្អ និងភាពប្រសើរឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

បើទោះបីជាវិស័យវាយនភណ្ឌកាត់ដេរនៅតែជាក្បាលម៉ាស៊ីនអូសទាញកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា នាពេលបច្ចុប្បន្ន ដែលមានតម្លៃនាំចេញសរុប ១១,៣៨ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥,២% នៅក្នុងឆ្នាំ ២០២១ក៏ដោយ ក៏ប៉ុន្តែការនំាចេញផលិតផលវិនិយោគមិនមែនកាត់ដេរ កំពុងមានកំណើនយ៉ាងលឿនជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ឆ្លុះបញ្ចាំងតាមរយៈទំហំនៃការនាំចេញសម្លៀកបំពាក់ ធៀបទៅនឹងការនាំចេញសរុប បានថយចុះពី ៨២ភាគរយ ក្នុងឆ្នាំ ២០១២ មកត្រឹម ៧៤ភាគរយ ក្នុងឆ្នាំ ២០១៨ ខណៈដែលការនាំចេញផលិតផលផ្សេងទៀត ដូចជា គ្រឿងបង្គុំអេឡិចត្រូនិក កង់ គ្រឿងសង្ហារឹម និងឧស្សាហកម្មដំឡើងយានយន្តជាដើម មានការកើនឡើងគួរឲ្យកត់សំគាល់៕

×