Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២ខែដើមឆ្នាំ២០២២នេះ កម្ពុជានាំចេញទំនិញទៅទីផ្សារអាមេរិក កើនឡើងជាង 42%

ភ្នំពេញ៖ អាមេរិកជាទីផ្សារឈរនៅលេខទី១ ដែលស្រូបការនាំចូលទំនិញពីកម្ពុជា ច្រើនជាងគេ មានចំនួន ១ ៤១៥ លានដុល្លារ កើនឡើង៤២.១% ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ។

ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកម្ភៈ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអាមេរិក ក្នុងទំហំទឹកប្រាក់ ១៤១៥ លានដុល្លារ កើនឡើង ៤២.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃត្រឹមតែ ៩៩៥លានដុល្លារអាមេរិក។

អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការនាំចេញទៅសហរដ្ឋអាមេរិកកើនឡើងនេះ ដោយសារកម្ពុជាស្ថិតនៅក្រោមការទទួលបានការអនុគ្រោះពន្ធនាំចូល GSP របស់សហរដ្ឋអាមេរិក ហើយអាមេរិកក៏មានតម្រូវការទំនិញពីកម្ពុជា ដែលនាំឱ្យពួកគេដាក់បញ្ជាទិញទំនិញពីកម្ពុជា ។

ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែលបានឱ្យដឹងថា វៀតណាម ជាទីផ្សារលំដាប់ទី២ ដែលកម្ពុជាបាននាំចេញទំនិញ ក្នុងតម្លៃ៣៦០លានដុល្លារ ថយចុះ១២.៥% ខណៈចិនស្ថិតក្នុងលេខរៀងទី៣ ដែលបាននាំចូលទំនិញពីកម្ពុជា ចំនួនជាង២០៩លានដុល្លារ ថយចុះ២.៧% និងជប៉ុនឈរនៅលំដាប់ទី៤ ដែលបាននាំចូលទំនិញពីកម្ពុជាចំនួន២០២លាន កើនឡើង៤.៣%។ ចំណែកថៃដែលជាប្រទេសជិតខាងកម្ពុជា ឈរនៅបន្ទាប់ពី ជប៉ុន ដោយកម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសនេះចំនួន ជាង១៨០លានដុល្លារកើនឡើង៥.៥%។

កម្ពុជាបានចេញទំនិញទៅប្រទេសកាណាដាចំនួន ១៧៦លានដុល្លារកើនឡើង១៥.៥% អាលឺម៉ង់១៥៨លានដុល្លារកើនឡើង ១៧.២% អង់គ្លេសជាង ១៣១លានដុល្លារកើនឡើង ១៤.៦% បែលហ្សិកជាង១១៥លានដុល្លារកើនឡើង៣៧.២% ហូឡង់ជាង៨០លានដុល្លារកើនឡើង៣៩.១% អេស្ប៉ាញ ជាង៦៦លានដុល្លារកើនឡើង៣៦.៦% និងប្រទេស អូស្រ្តាលី ជាង៦០លានដុល្លារ កើនឡើង១៦៦% រួមនឹងប្រទេសផ្សេងៗមួយចំនួនទៀត។

គួរបញ្ជាក់ថា ទំនិញចម្បងដែលរកចំណូលឱ្យកម្ពុជាច្រើនជាងគេ គឺការនាំចេញសម្លៀកបំពាក់ ដែលមានតម្លៃជាង ១.៤ពាន់លានដុល្លារ និងស្បែកជើងមានតម្លៃជាង​ ២៧៨ លានដុល្លារ៕

×