ក្នុងមង្គលការនីមួយៗ នោះអ្នកកំដរស្រី និងអ្នកកំដរប្រុស គឺជាមនុស្សដែលមិនអាចខ្វះបាននោះទេ ដែលពួកគេទាំងសងខាង នឹងមានតួនាទីអមកំដរកូនក្រមុំ និងកូនកំលោះ និងជួយបង្កើតបរិយាកាសសម្រាប់ពិធីមង្គលការផងដែរ។ ពិតណាស់អ្នកកំដរស្រី និងអ្នកកំដរប្រុស គឺតែងជាមិត្តភក្តិជិតស្និទ្ធរបស់កូនក្រមុំ និងកូនកំលោះ ឬ ពួកគេក៏អាចត្រូវបានជួលពីខាងក្រៅផងដែរ។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺថ្មីៗនេះ មង្គលការមួយនៅប្រទេសជនជាតិចិន ការ «បង្ហាញខ្លួន» របស់អ្នកកំដរស្រី៤នាក់បានធ្វើឲ្យកូនកំលោះឡើងស្រងាកចិត្តជាខ្លាំង នៅពេលបានដឹងពីអត្តសញ្ញាណរបស់ពួកគេ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ពិធីមង្គលការនេះបានធ្វើឡើងនៅដើមខែមេសាឆ្នាំ ២០២២ នៅទីក្រុង Chongqing ប្រទេសចិន។ កូនកំលោះមាន Zhang និងកូនក្រមុំឈ្មោះ Liu។
គេដឹងថា លោក Zhang ធ្វើការនៅក្នុងក្រុមហ៊ុនអ៊ីនធឺណេតមួយ ដែលមានភាពមមាញឹកខ្លាំង។ ក្រោយជួបរឿងស្នេហាមិនសមប្រកបចំនួន៤លើករួចមក លោក Zhang បានសម្រេចចិត្តថានឹងឈប់ចង់រាប់អានមិត្តភក្តិ ឬ លង់ស្នេហ៍នារីណាទៀតឡើយ ដោយគិតតែពីការងារប៉ុណ្ណោះ។ តែទោះជាយ៉ាងណា មិនយូរប៉ុន្មានក្រុមហ៊ុនរបស់លោកបានរៀបចំព្រឹត្តិការណ៍មួយដើម្បីភ្ជាប់ទំនាក់ទំនងបុគ្គលិកក្រុមហ៊ុន។ នៅទីនោះ លោក Zhang មានឱកាសបានជួបភរិយាបច្ចុប្បន្នគឺនាង Liu តែម្តង។
ក្នុងដំណើរការរៀបចំពិធីមង្គលការរបស់ខ្លួននាង Liu បានរកឃើញអ្នកកំដរដោយចៃដន្យ ក្នុងចំណោមមិត្តជិតស្និទ្ធរបស់នាង គឺមានមនុស្ស ៤ នាក់ដែលធ្លាប់អតីតមិត្តស្រីរបស់ Zhang ។ តែទោះជាយ៉ាងណា នោះមិនបានធ្វើឱ្យ Liu មានអារម្មណ៍ឆ្គាំឆ្គង ខ្មាសអៀន ឬចង់បញ្ឈប់ស្នេហានេះទេ។ ហើយលើសពីនេះ Liu ថែមទាំងសុំមិត្តភក្តិដ៏ល្អទាំង៤ ធ្វើជាអ្នកកំដរក្នុងនៅថ្ងៃសំខាន់របស់នាងតែម្តង។
លុះដល់ថ្ងៃរៀបការ កូនកំលោះ Zhang រួមជាមួយនឹងសាច់ញាតិ និងអ្នកកំដររបស់គាត់ បានទៅផ្ទះកូនក្រមុំមុន ដើម្បីទទួលកូនក្រមុំ។ បន្ទាប់ពីឆ្លងកាត់ការធ្វើពិធីតូចៗមួយចំនួន កូនកំលោះ Zhang ក៏បានដល់វគ្គចូលក្នុងបន្ទប់កូនក្រមុំ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេលបើកទ្វារចូលភ្លាម ស្រាប់តែធ្វើឲ្យ Zhang ស្រឡាំងកាំង បេះដូងសឹងលោតចេញក្រៅតែម្តង បន្ទាប់ពីបានឃើញទិដ្ឋភាព «អ្នកកំដរកូនក្រមុំទាំង៤នាក់» កំពុងឈរតម្រៀបជួរទះដៃអបអរទទួល គឺសុទ្ធសឹងតែអតីតមិត្តស្រីរបស់ខ្លួន។
តែទោះជាយ៉ាងណា នារីទាំង៤នោះ គឺគ្រាន់តែជាអតីតមិត្តស្រីប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ លោក Zhang បានសម្រេចចិត្តប្រគល់បេះដូងជូន Liu ហើយ គឺមិនអាចមានទំនាក់ទំនងនឹងគ្នាដូចមុនទៀតឡើយ។ បន្ទាប់មក Zhang បានលុតជង្គង់លើកភួងផ្កានៅចំពោះមុខ Liu និងសួរដោយក្តីស្រឡាញ់ថា៖ «តើអូននឹងក្លាយជាប្រពន្ធរបស់បងទេ?»។ ភ្លាមៗនោះ Liu ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងទទួលយកភួងផ្កា ហើយពិធីមង្គលការរបស់ពួកគេក៏ត្រូវបានបញ្ចប់យ៉ាងរលូនផងដែរ។
រឿងរ៉ាវដ៏មិននឹកស្មានដល់នេះ ក៏បានធ្វើឱ្យមានការរំជើបរំជួលក្នុងសហគមន៍អនឡាញរបស់ចិនតែម្តង។ ក្នុងនោះអ្នកខ្លះបានបញ្ចេញមតិថា នាង Liu មិនខ្លាចមិត្តភក្តិជិតស្និទ្ធជាអតីតសង្សារកូនកំលោះរំខានដល់ថ្ងៃរៀបការទេអី?។ រីឯអ្នកខ្លះទៀតនិយាយថា Liu មិនគួរធ្វើបែបនេះទេ ព្រោះវានឹងប៉ះពាល់ដល់បរិយាកាសអាពាហ៍ពិពាហ៍ក៏អាចថាបាន។ តែយ៉ាងណាមិញ អ្នកនិយមលេងអុីនធើរណែតជាច្រើនជឿថា អាកប្បកិរិយារបស់លោក Zhang និងអ្នកកំដរស្រីទាំង៤នាក់ បានបង្ហាញថា ពួកគេលែងមានបញ្ហាជាមួយគ្នាទៀតហើយ ព្រោះថាគ្រប់គ្នាសុទ្ធតែមានអតីតកាល។ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺបច្ចុប្បន្ន និងអនាគត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



