រដ្ឋធានីគៀវ៖ អាជ្ញាធរអ៊ុយក្រែន កាលពីថ្ងៃទី៨ ខែមេសា បានចោទប្រកាន់កម្លាំងយោធារុស្ស៊ី វាយប្រហារ ដោយមីស៊ីល ទៅលើស្ថានីយរថភ្លើង ក្រាម៉ាតូស្ក៍ (Kramatorsk) បណ្ដាលឲ្យប្រជាពលរដ្ឋ យ៉ាងតិច៥២នាក់ បាត់បង់ជីវិត រួមទាំងកុមារផងដែរ ហើយមនុស្ស រាប់រយនាក់ផ្សេងទៀត បានរងរបួស។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ថា លោក ផាវឡូ គីរីឡែនកូ អភិបាលតំបន់ បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា ការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ី មកលើស្ថានីយរថភ្លើង នៅភាគខាងកើត ប្រទេសអ៊ុយក្រែន បានធ្វើឲ្យចំនួនអ្នកស្លា.ប់ កើនឡើងដល់៥២នាក់ ដោយក្នុងនោះមានកុមារ យ៉ាងតិច ចំនួន៥នាក់ ហើយមនុស្សរាប់រយនាក់ផ្សេងទៀត បានរងរបួស។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្កោលទោសយ៉ាងខ្លាំង ជុំវិញការវាយប្រហារ ទៅលើស្ថានីយរថភ្លើង Kramatorsk នេះ។ លោកប្រធានាធិបតី បានហៅការវាយប្រហារនេះ ជាឧក្រិដ្ឋកម្មសង្គ្រាម បានប្រព្រឹត្ដឡើង ដោយរុស្ស៊ី ហើយលោកសន្យា នឹងនាំអ្នកទទួលខុសត្រូវ មកកាត់ទោស។
លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសុន្ទរកថា នាពេលរាត្រីរបស់គាត់ថា «ប្រទេសឈានមុខគេទាំងអស់ នៅលើពិភពលោក បានថ្កោលទោសរួចមកហើយ ចំពោះការវាយប្រហាររបស់រុស្ស៊ី មកលើស្ថានីយរថភ្លើង Kramatorsk ។ យើងនឹងរំពឹងថា នឹងមានប្រតិកម្ម ជាសកលយ៉ាងខ្លាំងក្លា ចំពោះឧក្រិដ្ឋកម្មសង្រ្គាមនេះ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN








