Wednesday, May 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លូវ៉ាគី ក្លាយជាសមាជិកណាតូដំបូង បញ្ជូនប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះ ទៅឲ្យអ៊ុយក្រែន

រដ្ឋធានីប្រាទីស្លាវ៉ា (Bratislava)៖ ក្រោយពេលមានសំណើ សុំជំនួយគ្រឿងយុទ្ធោបករណ៍ សម្រាប់ទប់ទល់នឹងកម្លាំងយោធារុស្ស៊ី នោះមក នៅទីបំផុត នាយករដ្ឋមន្រ្ដីស្លូវ៉ាគី បាសម្រេច នឹងផ្ដល់ប្រព័ន្ធការពារដែនអាកាស ផលិតនៅក្នុងសម័យសហភាពសូវៀត ប្រភេទ S-300 ទៅឲ្យប្រទេសអ៊ុយក្រែន ហើយសកម្មភាពបែបនេះ ក៏មិនមែន មានន័យថា សមាជិករបស់អង្គការណាតូ ចូលរួម នៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុងមូស្គូ នោះដែរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ អ៊ុយក្រែន បានអំពាវនាវសុំជំនួយយោធា ពីបណ្ដាប្រទេសបច្ចិមលោក រួមមាន ប្រព័ន្ធការពារដែនអាកាស ដើម្បីបណ្ដេញកម្លាំងទាហានរុស្ស៊ី ចេញពីប្រទេសរបស់ខ្លួន។

ជាមួយនឹងសំណើនេះ លោក អេឌូអាដ ហេហ្គើរ (Eduard Heger) នាយករដ្ឋមន្រ្ដីស្លូវ៉ាគី បានបញ្ជាក់ថា ក្រុងប្រាទីស្លាវ៉ា នឹងប្រគល់ប្រព័ន្ធការពារដែនអាកាស ប្រឆាំងនឹងយន្ដហោះចម្បាំង ប្រភេទ S-300 ទៅដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយការពារ ប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី។

បើតាមការបង្ហោះសារ នៅលើបណ្ដាញសង្គម កាលពីថ្ងៃសុក្រ ទី៨ ខែមេសា លោកនាយករដ្ឋមន្រ្ដីស្លូវ៉ាគី បានសង្កត់ធ្ងន់ថា ការផ្ដល់នូវប្រព័ន្ធការពារដែនអាកាស ប្រឆាំងនឹងយន្ដហោះ ផលិតនៅក្នុងសម័យសហភាពសូវៀត ពីក្រុងប្រាទីស្លាវ៉ា នេះ មិនមែនមានន័យថា សហភាពអឺរ៉ុប និង សមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ឬអូតង់ បានចូលរួម នៅក្នុងជម្លោះជាមួយនឹងរុស្ស៊ី នោះឡើយ។ នេះជាសកម្មភាពលើកដំបូងរបស់ប្រទេសស្លូវ៉ាគី នៅក្នុងផ្ដល់ប្រព័ន្ធការពារដែនអាកាស ទៅកាន់ប្រទេសអ៊ុយក្រែន ចាប់តាំងពីកម្លាំងយោធារុស្ស៊ី ចូលឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។

លោកនាយករដ្ឋមន្រ្ដី Heger បានសរសេរថា«ខ្ញុំអាចបញ្ជាក់ថា សាធារណរដ្ឋស្លូវ៉ាគី បានផ្ដល់ប្រព័ន្ធការពារដែនអាកាស ទៅកាន់ប្រទេសអ៊ុយក្រែន គឺធ្វើឡើងតាមសំណើរបស់ក្រុងគៀវ ដើម្បីសុំជំនួយយោធា»។

សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៧ ខែមេសា បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនគ្រឿងយុទ្ធោបករណ៍ថ្មី ដល់ប្រទេសអ៊ុយក្រែន ក្រោយពេលកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសរបស់ណាតូ នៅក្នុងទីក្រុងប៊្រុសសែលស៍ (Brussels) ដែលបានព្រមព្រៀងគ្នា ដើម្បីបង្កើននូវការបញ្ជូនគ្រឿងសឹកបន្ថែមទៀត នៅក្នុងការឆ្លើយតប នឹងការឈ្លានពានរបស់រុស្ស៊ី។

លោក អែនតូនី ប្ល៊ីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក និង បណ្ដាប្រទេសចំនួន៣០ផ្សេងទៀត កំពុងតែបញ្ជូនគ្រឿងចម្បាំងជាច្រើនប្រភេទ ទៅកាន់ប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរ ក្រុងវ៉ាស៊ីនតោន បានព្រមព្រៀង បញ្ជូនប្រព័ន្ធមីស៊ីល ប្រឆាំងនឹងយន្ដហោះចម្បាំង អាវុធបាញ់លើស្មាប្រឆាំងនឹងរថក្រោះ និង យានចម្បាំងផ្សេងៗទៀត។

ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចុះផ្សាយនូវបញ្ជីគ្រឿងយុទ្ធោបករណ៍ ត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នោះ មានដូចជា ប្រព័ន្ធមីស៊ីលប្រឆាំងនឹងយន្ដហោះចម្បាំង យ៉ាងតិច ១ ៤០០ដើម, ប្រព័ន្ធមីស៊ីលប្រឆាំងនឹងរថពាសដែក ប្រភេទ Javelin ជាង ៥ ០០០ដើម, អាវុធខាតតូច ជាង ៧ ០០០ដើម និង គ្រាប់កាំភ្លើង ចំនួន៥០លានគ្រាប់។ ក្រៅពីនេះ អ៊ុយក្រែន ក៏កំពុងតែទទួលបានឧបករណ៍ការពារ និង មួកសុវត្ថិភាព ចំនួន ៤៥ ០០០ ឈុត, ប្រព័ន្ធបាញ់រ៉ុក្កែតនាំផ្លូវ ដោយឡាស៊ែរ, ឧបករណ៍មើលពេលយប់, ប្រព័ន្ធរូបភាពកម្ដៅ និង អុបទិក ជាច្រើនទៀត។

រដ្ឋការរបស់លោក ចូ បៃដិន បានសម្រេចបញ្ជូនគ្រឿងយុទ្ធោបរកណ៍ និង ជំនួយមនុស្សធម៌ ជាបន្ដបន្ទាប់ មានទឹកប្រាក់ជាង១ពាន់លានដុល្លារ ទៅជួយដល់ប្រទេសអ៊ុយក្រែន ក្រោយពេលព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីខែមុន បានអនុម័តកញ្ចប់ថវិកា ចំនួន១៣,៦ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ដែលរងនូវការឈ្លានពាន ពីកម្លាំងយោធារបស់រុស្ស៊ី៕រក្សាសិទ្ធិដោយ ៖ សារាយSN

×