យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ប្រជាជនប្រហែល ៣.៥ លាននាក់ នៅប៉ាស៊ីហ្វិកខាងលិច បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារមូលហេតុបរិស្ថាន។
យោងតាមស៊ីនហួ, នៅក្នុងសន្និសីទសារព័ត៌មាននិម្មិតមួយ លោក Takeshi Kasai នាយកប្រចាំតំបន់របស់ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បាននិយាយថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជាគ្រោះរាំងស្ងួត រលកកំដៅ ព្យុះទីហ្វុង ទឹកជំនន់ និងភ្លើងឆេះព្រៃ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជននៅក្នុងតំបន់ផ្សេងៗ។
យោងតាមទិន្នន័យរបស់ WHO នោះរៀងរាល់ ១៤ វិនាទី មនុស្សម្នាក់បានស្លាប់ ដោយសារការបំពុលបរិយាកាស នៅតំបន់ប៉ាស៊ីហ្វិកខាងលិច។
WHO ក៏ព្រមានផងដែរថា ការកើនឡើងកម្រិតទឹកសមុទ្រ និងការកើនឡើងនៃព្យុះត្រូពិច កាត់បន្ថយការទទួលបានទឹកស្អាត ដែលគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាជននៅលើកោះប៉ាស៊ីហ្វិក។
យោងតាមអង្គការសុខភាពពិភពលោក នោះការកើនឡើងនៃជំងឺដែលចម្លងដោយប្រភេទសត្វ zoonotic អសន្តិសុខអាហារ និងទឹក ការរិចរិលដី និងអាកាសធាតុខ្លាំង នឹងធ្វើឱ្យប្រព័ន្ធសុខភាពរបស់ប្រទេសកាន់តែអាក្រក់។ ហេតុនេះ នៅក្នុងតំបន់ដែលស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង គឺប្រាកដណាស់នឹងធ្វើឲ្យប៉ះពាល់ដល់ជនងាយរងគ្រោះបំផុត៕ រក្សសិទ្ធិដោយ៖ លឹម ហុង





