កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គម បានលេចចេញនូវវីដេអូឃ្លីបមួយ ដែលថតបានពីទិដ្ឋភាពដ៏រន្ធត់នៃការផ្ទុះសំបកកង់ឡានធំ បណ្តាលឲ្យបុរស២នាក់ ប៉ើងផ្លោងលើអាកាសតែម្តង បានកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងអុីនធើរណែត។
តាមរយៈវីដេអូ បានបង្ហាញ មនុស្សមួយក្រុមកំពុងឈរក្បែរសំបកកង់ឡានធំ ដែលកំពុងត្រូវបានសប់។ ប៉ុន្តែ អ្វីដែលគួរឲ្យរន្ធត់ខ្លាំងបំផុត គឺប៉ុន្មានវិនាទីក្រោយស្រាប់តែកង់ឡាននោះបានផ្ទុះឡើងបណ្តាលឱ្យអ្នកសប់អង្គុយលើសំបកកង់ត្រូវខ្ទាតទៅលើអាកាស រួចធ្លាក់មកដី ខណៈបុរសម្នាក់ទៀតដែលឈរក្បែរនោះ ក៏ផ្លោងហើរលើអាកាសដូចគ្នា និងថែមទាំងត្រូវកង់ឡានធ្លាក់ចុះកិនចំក្បាលទៀតផង។
មនុស្សជាច្រើននាក់ដែលមានវត្តមាននៅកន្លែងកើតហេតុមិនអាចជួយអ្វីបានឡើយ ដោយបានត្រឹមមានការភ័យស្លន់ស្លោប៉ុណ្ណោះ។ សំណាងល្អ អ្នកទាំងពីរបានរងរបួសស្រាល មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ហេតុការណ៍នេះផងដែរ ត្រូវបានដឹងថា បានកើតឡើងនៅក្នុងប្រទេសឥណ្ឌា។
គួរបញ្ជាក់ឲ្យដឹងថា នៅជុំវិញពិភពលោក មានគ្រោះថ្នាក់ផ្ទុះកង់ឡានស្រដៀងគ្នានេះជាច្រើនករណីដែលមានរបួស ឬស្លាប់។ មូលហេតុនៃការផ្ទុះសំបកកង់ដ៏រន្ធត់នេះ គឺអាចបណ្តាលមកពីបញ្ចូលខ្យល់ហួសចំណុះ ឬ កង់សឹក។
យោងតាមអ្នកជំនាញ នោះបរិមាណខ្យល់ដែលមាននៅក្នុងសំបកកង់ គឺដូចជាម៉ាស៊ីនបង្ហាប់ ដូច្នេះនៅពេលដែលការផ្ទុះត្រូវបានបំផ្ទុះ នោះថាមពលបំផ្លិចបំផ្លាញរបស់វាគឺដូចជាគ្រាប់បែកអុីចឹង។ ហេតុដូច្នេះហើយ ក្នុងអំឡុងពេលនៃដំណើរការជួសជុល នៅពេលដែលសំបកកង់ត្រូវបានបញ្ចូលខ្យល់ គឺមិនត្រូវឈរនៅជិតនោះទេ ដើម្បីចៀសវាងការផ្ទុះអាចនឹងកើតឡើង។ ហើយដើម្បីបង្ការការពារ អ្នកបើកបរគួរតែងតែពិនិត្យស្ថានភាពសំបកកង់ជាប្រចាំ ដើម្បីធានាថាសំបកកង់ស្ថិតក្នុងស្ថានភាពសុវត្ថិភាពជានិច្ច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




