Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ បង្ហាញថា ក្រដាសប្រាក់១៥,០០០រៀល ឈ្នះពានរង្វាន់ជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក​

ភ្នំពេញ៖ ធនបត្រអនុស្សាវរីយ៍ (ក្រដាសប្រាក់) ប្រភេទ ១៥០០០រៀល ដែលចេញនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៩កន្លងទៅ ដើម្បីអបអរសាទរខួប ១៥ ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឈ្នះពានរង្វាន់ជាធនបត្រថ្មីឆ្នើម ​ប្រចាំតំបន់អាស៊ី និងប៉ាស៊ី។

ធនាគារជាតិនៃកម្ពុជា ​បានបញ្ជាក់ដូចនេះ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ថា ក្រដាសប្រាក់ ១៥,០០០រៀល ឈ្នះពានរង្វាន់នេះ ត្រូវបានផ្តល់ឱ្យដោយស្ថាប័ន Reconnaissance International នៅក្នុងសន្និសីទការបោះពុម្ភធនបត្រប្រកបដោយសុវត្ថិភាពនៅអាស៊ីលើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។

សេចក្តីថ្លែងការណ៍របស់ធនាគារជាតិថា ស្ថាប័ន Reconnaissance International បានសម្រេចផ្តល់ពានរង្វាន់ដល់ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀលនេះ ដោយសារបច្ចេកទេសនៃការផលិតធនបត្ររបស់ធនាគារជាតិ មានលក្ខណៈទំនើប និងប្រកបដោយសុវត្ថិភាពខ្ពស់ ការរចនាធនបត្របានបញ្ចូលគំនិតសិល្បៈតាមរយៈការរំលេចនូវនិមិត្តសញ្ញាជាតិ និងជាពិសេសមានបច្ចេកវិទ្យាខ្ពស់ក្នុងការកាពារការក្លែងបន្លំ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការផ្តល់ពានរង្វាន់ធនបត្រឆ្នើមចំពោះក្រដាសប្រាក់ ១៥០០០ រៀល បានឆ្លុះបញ្ជាំងពីសមត្ថភាពខ្ពស់របស់កម្ពុជា ក្នុងការផលិតធនបត្រផ្ទាល់ខ្លួនប្រកប​ដោយសោភ័ណភាព គុណភាព និងស្តង់ដារសុវត្ថិភាព ដែលជាកត្តាចម្បង ក្នុងការបង្កើនជំនឿទុកចិត្តដល់សាធារណជន ក្នុងការប្រើប្រាស់រូបិយវត្ថុជាតិ។

ធនាគារជាតិនៃកម្ពុជា ក៏បានទទួលពានរង្វាន់លំដាប់អន្តរជាតិជាបន្តបន្ទាប់នាពេលថ្មីៗនេះ រួមមានពានរង្វាន់ទេសាភិបាលឆ្នើមប្រចាំឆ្នាំ២០២១ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក, ពានរង្វាន់និយ័តករឆ្នើមលើការបំពេញមុខងារ-ភារកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងពានរង្វាន់ផលិតផល និងសេវាកម្មឆ្នើមប្រចាំឆ្នាំ២០២១ សម្រាប់ប្រព័ន្ធទូទាត់បាគង៕

×