Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអ្នកសេដ្ឋវិទូ បង្ហាញថា លំដាប់ទី២ របស់កម្ពុជា ក្នុងការគ្រប់គ្រងវិបត្តិកូវីដ-១៩បានល្អ ជាចលករជំរុញទេសចរ និងវិនិយោគិន

ភ្នំពេញ ៖ ក្រុមអ្នកសេដ្ឋវិទូ បានលើកឡើងថា ប្រទេសកម្ពុជាដែលបានឡើងមកឈរនៅលំដាប់លេខរៀង ទី២ ក្នុងនាមជាប្រទេស ដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពីវិបត្តិកូវីដ-១៩ លឿនជាងគេ នៅលើពិភពលោកនេះ គឺជាចលករមួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន ហើយនឹងធ្វើឱ្យដំណើរការរបស់ប្រទេសនេះ មានភាពលូតលាស់ផ្នែកសេដ្ឋកិច្ចទៀតផង ខណ:ឈរនៅលំដាប់លេខរៀង ទី១ គឺ អេមីរ៉ាតអារ៉ាប់រួម។

នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មានជប៉ុន នីកកៃ (Nikkei) កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ដោយបញ្ជាក់ថា ប្រទេសដែលឈរនៅលេខរៀង ទី១ មានសមត្ថភាពស្ដារខ្លួនឯងងើបចេញពីវិបត្តិកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក គឺ អេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈកម្ពុជាឈរនៅលេខរៀង ទី២ មាន៨០.៥ពិន្ទុ។ ដូច្នេះ ភាពល្បីល្បាញរបស់កម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ២ក្នុងការគ្រប់គ្រងវិបត្តិកូវីដ-១៩បានល្អនៅលើពិភពលោកនេះ ត្រូវបានមន្ត្រី និងអ្នកជំនួញកម្ពុជា លើកឡើងថានឹងចូលរួមចំណែកជួយជំរុញទាក់ទាញភ្ញៀវទេសចរ វិនិយោគិនឱ្យចូលមកកម្ពុជា ហើយការបើកប្រទេសដំណើរការលើគ្រប់វិស័យទៀតនោះ នឹងធ្វើឲ្យសេដ្ឋកិច្ចនៃប្រទេសនេះ ឆាប់រីកលូតលាស់។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កម្ពុជាឈរចំណាត់ថ្នាក់លេខ២ លើពិភពលោក ងើបចេញពីវិបត្តិកូវីដ-១៩ លឿនជាងគេនេះ គឺដោយសារវិធានការចាក់វ៉ាក់សាំង ស្រោចលើផ្ទៃប្រទេស និងការស្វែងរកវ៉ាក់សាំងបានលឿនទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងបានដាក់ចេញនូវវិធានការចម្បង បង្ហាញឲ្យឃើញពីភាពត្រឹមត្រូវ ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីស្ថាប័នអន្តរជាតិផ្សេងៗ។

រួមជាមួយគ្នានេះដែរ វិធានការចាត់ចែងថវិកាចូលសេដ្ឋកិច្ច ក៏ជារឿងមួយធ្វើបានល្អរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការ បានដាក់ចេញប្រកបដោយភាពត្រឹមត្រូវផងដែរ ដូចជា ការជួយដល់ពលរដ្ឋក្រីក្រ ជួយដល់សហគ្រាស កម្មករ ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ សុទ្ធសឹងជាចំណាត់ការឆ្លើយតបទាន់ពេលវេលា ក្នុងការទប់ស្កាត់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមិនឲ្យធ្លាក់ដុនដាប , ការជួយជ្រោមជ្រែងចរន្តសេដ្ឋកិច្ចគ្រួសារ និងស្តារសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រូបនេះ បានបង្ហាញថា លទ្ធផលដែលយើងទទួលបានក្នុងការងើបពីចេញពីវិបត្តិកូវីដ-១៩លឿនជាងគេលើពិភពលោកនេះ គឺនឹងផ្តល់ការទុកចិត្តទៅដល់ភ្ញៀវទេសចរ និងវិនិយោគិន។ ចំពោះវិស័យទេសចរណ៍ ក្នុងនាមជាប្រទេស ដែលមិនរងគ្រោះខ្លាំងនៃការរីករាលដាលជំងឺកូវីដ-១៩ អាចជាបច្ច័យមួយជំរុញឱ្យភ្ញៀវចង់មកលេងកម្សាន្តនៅកម្ពុជា ដែលនេះជាកត្តាសត្យានុម័ត។ សម្រាប់ការវិនិយោគិន សំខាន់ការដែលយើងលែងរឹតត្បឹតការធ្វើចត្តាឡីស័ក ដែលធ្វើឲ្យអ្នកងាយស្រួលក្នុងការធ្វើដំណើរ បូករួមជាមួយបរិយាកាសវិនិយោគល្អផងដែរ នោះវិនិយោគិននឹងសម្លឹងរកមើលឱកាសរបស់ខ្លួនក្នុងប្រទេសកម្ពុជា។

ចំណែក លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងស្រដៀងគ្នាថា ភាពជោគជ័យនៃការចាក់វ៉ាក់សាំងស្រោចទៅលើប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាល បានធានាដល់សុខុមាលភាពប្រជាពលរដ្ឋ ឈានដល់ការបើកសេដ្ឋកិច្ចពេញលេញឡើងវិញ, ទទួលបានលំដាប់ថ្នាក់លេខទី២ លើពិភពលោកពីការគ្រប់គ្រងវិបត្តិកូវីដ-១៩ ដែលនេះមិនមែនជារឿងធម្មតាអាចធ្វើបាននោះទេ ហើយក៏វាមិនខុសអីពីពាក្យរបស់ សម្តេចតេជោ ដែលថា វ៉ាក់សាំង គឺជាសេដ្ឋកិច្ច និងសុខុមាលភាពសង្គម, ដូច្នេះ នឹងជួយឲ្យពិភពលោកកាន់តែស្គាល់ពីកម្ពុជា ដែលជាឱកាសទាក់ទាញវិស័យទេសចរណ៍ និងវិនិយោគិន ខណៈដែលកម្ពុជាបានបើកដំណើរការប្រទេសឡើងវិញពេញលេញលើគ្រប់វិស័យ៕ រក្សាសិទ្ធិដោយ ៖ពិសិដ្ឋ CEN

×