កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ Sinchew បានបង្ហាញរូបភាពរីករាលដាលពីប្រទេសម៉ាឡេស៊ី ដោយម្តាយម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Rabiatul Adawiyah Samad បានបង្ហោះរូបថតដែលនាងបានយកកូនស្រីអាយុ ១១ ខែរបស់នាង ទៅមន្ទីរពេទ្យក្នុងរដ្ឋ Sarawak ដើម្បីពិនិត្យសុខភាព។ ក្មេងស្រីនេះកើតមកមានជម្ងឺដ៏កម្រ គឺរោមវែងៗដុះពាសពេញមុខតែម្តង ធ្វើឲ្យអ្នកលេងបណ្តាញសង្គម បានឃើញហើយ ពិតជាមានការភ្ញាក់ផ្អើល និងបង្ហាញអារម្មណ៍អាណិតជាខ្លាំង។
ក្នុងនោះ ស្រ្តីជាម្តាយបានបង្ហាញអារម្មណ៍មួយនេះថា កូនគ្រប់រូបគឺជាបេះដូង និងជាព្រលឹងរបស់ឪពុកម្តាយ បើទោះបីជាកូនមើលទៅពិសេសឬខុសប្លែកពីគេ មានរោមវែងៗគ្រប់ដណ្តប់ពេញទាំងមុខនិងដងខ្លួនតាំងពីកើតមកក៏ដោយ។ អ្នកផ្សេងអាចនឹងឃើញកូនរបស់នាងចម្លែក។ ប៉ុន្តែសម្រាប់ក្រុមគ្រួសាររបស់នាងគិតថាវាអស្ចារ្យណាស់ ព្រោះថាកូនស្រីនេះ គឺជាអំណោយពិសេសពីព្រះ។
ម្តាយរូបនោះបានបន្ថែមថា៖ «ព្រះចង់ល្បងទឹកចិត្តឪពុកម្តាយ ព្រោះទ្រង់ស្រឡាញ់ ទ្រង់ដឹងថា មាតាបិតានឹងត្រូវទទួលយកដោយស្មោះនូវវត្ថុដ៏មានតម្លៃនេះ។ ខ្ញុំសង្ឃឹមថា អ្នកធំឡើង នឹងត្រៀបខ្លួនដើម្បីប្រឈមមុខនឹងពិភពលោកផ្សេងជាច្រើន និងមនុស្សត្រូវជួប។ សូមឱ្យនាងរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត ទោះមុខរបស់នាងត្រូវបានបិទបាំងដោយរោមបែបនេះ ប៉ុន្តែ វាមិនអាចបំផ្លាញភាពគួរឱ្យស្រឡាញ់របស់នាងបានឡើយ»។
ប៉ុន្មានម៉ោងបន្ទាប់ពីការបង្ហោះរបស់នាងត្រូវបានផ្សព្វផ្សាយ រូបភាពកូនរបស់នាងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ដោយត្រូវបានចែករំលែកជិត 7,000 ដង រួមទាំងនៅលើ TikTok ផងដែរ។ វីដេអូឃ្លីបរបស់ក្មេងស្រីនេះ ត្រូវបានគេមើលច្រើនរហូតដល់ជាង 6.4 លានដង ។ មនុស្សភាគច្រើនបានបញ្ចេញមតិវិជ្ជមានជាច្រើន ដោយមានទាំងលើកទឹកចិត្ត និងជូនពរកូនតូចនេះមានសុខភាពល្អ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






