Wednesday, May 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតតារាកំប្លែងអ៊ុយក្រែន នឹងធ្វើឲ្យប្រធានាធិបតី ពូទីន បាក់អំណួត ក្នុងសង្គ្រាមដំណាក់កាលចុងក្រោយ

រដ្ឋធានីគៀវ៖ រហូតមកដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ សង្គ្រាម រវាងកម្លាំងអ៊ុយក្រែន និង ទាហានរុស្ស៊ី បានឈានដល់ថ្ងៃទី៤៧ ហើយក៏ចំពេលក្រុមអ្នកវិភាគ បានអះអាងថា សង្គ្រាមនៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ កំពុងតែឈានចូលដល់ដំណាក់កាលថ្មី ខណៈរុស្ស៊ីតែងតាំងមេទ័ពថ្មី ទទួលបន្ទុកលើសង្គ្រាមនេះ ប៉ុន្ដែប្រសិនបើ អ៊ុយក្រែនឆ្លងផុតមួយដំណាក់កាលថ្មីនេះ គឺប្រធានាធិបតីរុស្ស៊ី លោក ពូទីន នឹងលែងមានអំណួតទៀតហើយ ហើយការចរចាសន្ដិភាព នឹងមានលទ្ធផលជាវិជ្ជមានផងដែរ។

ស្របពេលសង្គ្រាមកំពុងតែពុះឡើងយ៉ាងក្ដៅគគុក ហើយឈានចូលមកដល់ដំណាក់កាលថ្មីនោះ ក្រុមអ្នកជំនាញយោធា ក៏កំពុងតែជំរុញឲ្យសហគមន៍អន្តរជាតិ ត្រូវតែផ្តល់គ្រឿងយុទ្ធោបករណ៍ស្របតាមស្ថានការណ៍សង្រ្គាមនេះ។ ក្រុមអ្នកជំនាញ ក៏បានអះអាងដែរថា ប្រសិនបើអ៊ុយក្រែន អាចឆ្លងផុតមួយដំណាក់កាល នៃប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម នៅក្នុងសមរភូមិ នាភាគខាងកើតប្រទេសនេះបាន គឺលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី នឹងអស់អំណួត ហើយគាត់ពិតជានឹងងាក មកចូលតុចរចា។

សារព័ត៌មានអង់គ្លេស Independent បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែមេសា ថា វិមានក្រឹមឡាំង បានតែងតាំងលោកនាយកឧត្តមសេនីយ៍ អាឡិកសាន់ដឺរ ឌីវ័រនីកូវ (Alexander Dvornikov) អាយុ៦០ឆ្នាំ ជាមេទ័ព ដែលមានបទពិសោធន៍ខ្ពស់បំផុតមួយរូបរបស់រុស្ស៊ី ក្លាយជាមេបញ្ជាការថ្មី សម្រាប់ប្រតិបត្ដិការសឹក នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីកងទ័ពរបស់ខ្លួនបានរងគ្រោះថ្នាក់យ៉ាងធំធេង។ មេទ័ពកំពូលរូបនេះ មានប្រវត្តិ ប្រព្រឹត្តអំពើសាហាវឃោរឃៅ ទៅលើជនស៊ីវិល នៅក្នុងប្រទេសស៊ីរី និង នៅក្នុងសង្គ្រាមផ្សេងៗទៀត។

ស្របពេលរុស្ស៊ី កំពុងតែបង្វែរទិសដៅ វាយប្រហារ ដើម្បីដណ្ដើមគ្រប់គ្រង នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន នោះ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍ ទី៩ ខែមេសា ក៏បានទៅបំពេញទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងប្រទេសអ៊ុយក្រែន ហើយគាត់បានដើរមើលទិដ្ឋភាព ដោយផ្ទាល់ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ ដែលកំពុងតែរងគ្រោះ ពីសង្គ្រាមឈ្លានពាននេះ។ លោកនាយករដ្ឋមន្រ្ដីអង់គ្លេស បានសន្យាផ្ដល់ការគាំទ្រផ្នែកយោធា ចំពោះប្រទេសអ៊ុយក្រែន។

សារព័ត៌មាន CNN បានផ្សាយថា លោក Johnson នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានជួបជាមួយនឹងលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymir Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន និង ជាអតីតតារាកំប្លែង នៅក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់គាត់ ទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញអំពីផែនការរបស់ចក្រភពអង់គ្លេស នៅក្នុងការផ្ដល់ការគាំទ្របន្ថែមទៀត ដល់អ៊ុយក្រែនទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកយោធា។

ជាមួយគ្នានេះ បណ្ដាប្រទេសបច្ចិមលោក ក៏កំពុងតែបញ្ជូនគ្រឿងយុទ្ធោបករណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅកាន់ប្រទេសអ៊ុយក្រែ រួមមាន ប្រព័ន្ធការពារដែនអាកាស មីស៊ីលប្រឆាំងនឹងយន្ដហោះចម្បាំងបាញ់លើស្មា កាំជ្រួចប្រឆាំងនឹងរថក្រោះ …ជាដើម។ ក្រៅពីនេះ សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក ក៏បានបញ្ជូនសម្ភារ សម្រាប់ទប់ទល់នឹងឧបទ្ទវហេតុប្រើប្រាស់អាវុធគីមី និង ជីវសាស្រ្ដផងដែរ។

មន្រ្ដីយោធាសហរដ្ឋអាមេរិក បានអះអាងថា សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងអូសបន្លាយពេលវេលាយូរ ហើយវានឹងមិនអាចបញ្ចប់ នៅក្នុងពេលឆាប់ៗនេះទេ។ ដោយឡែកក្រុមអ្នកវិភាគខ្លះទៀត បានលើកឡើងថា ប្រសិនបើកងទ័ពអ៊ុយក្រែន អាចទប់ទល់នឹងសង្គ្រាម នៅដំណាក់កាលចុងក្រោយ នាភាគខាងកើតប្រទេសបាន គឺលោក ពូទីន នឹងលែងមានអំណួតបន្ដទៀត ហើយគាត់នឹងងាកមករកតុចរចាវិញ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×