ភ្នំពេញ ៖ ក្រុមជនល្មើសដែលរំលោភ និងសម្លាប់យុវតីម្នាក់ ដើម្បីប្លន់យកទ្រព្យសម្បត្តិ នៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនចំនួន៣នាក់ ដោយក្នុងនោះមានជនដៃដល់ម្នាក់និងបក្ខពួកសមគំនិត២នាក់ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿងករណីអំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឱ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ជនរងគ្រោះ)បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១៖២៧នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។
ជនរងគ្រោះ ១-ឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) ។
ជនសង្ស័យ ចំនួន ០៣នាក់ ៖ ទី.១-ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន”(រួមគំនិតសម្លាប់), ២-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន”(រួមគំនិតសម្លាប់ និងទី៣-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ” ឃាត់ខ្លួន”(ដៃដល់ អ្នករំលោភ និងសម្លាប់) ។
សម្ភារៈចាប់យក ៖ ១-ទូរស័ព្ទដៃម៉ាក TECNO SPARK ពណ៌ស ចំនួន០១គ្រឿង (របស់ជនរងគ្រោះ)។ ២-ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន០១គ្រឿង ។ ៣-ខ្សែលីឡុង ពណ៌ស ចំនួន០១ខ្សែ ។ ៤-ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវ សេរី២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CL-1190 ចំនួន០១គ្រឿង ។
សម្ភារៈបាត់បង់ ៖ ១-លោហៈធាតុពណ៌ទង់ដែង (ខ្សែកផ្លាកទីន) ចំនួន០១ខ្សែ ។ ស្លាកស្នាម និងសម្ភារៈបន្សល់ទុក។ ១-ខ្សែក្រណាត់អាវ ពណ៌ខ្មៅ ចំនួន០១ (រឹតកជនរងគ្រោះ) ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















